តាកែវ ៖ នាឱកាសពិធីសម្ពោធ សមិទ្ធផលនានាក្នុងវត្តអូរព័ទ្ធ ស្ថិតក្នុងភូមិស្រមោចហែ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ នៅថ្ងៃទី២ ខែមិនា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បានរម្លឹកដល់សមិទ្ធផល នៃសុខសន្តិភាព ដែលរកបានដោយលំបាក ក្រោមការលះបង់ របស់អ្នកជំនាន់មុន ដោយឯកឧត្តម បានលើកឡើងថា ៖ ភាពសម្បូរសប្បាយ របស់ប្រជាជនកម្ពុជាបច្ចុប្បន្ន គឺជាសមិទ្ធផលនៃការលះបង់ មិនអាចកាត់ថ្លៃ បានរបស់វីរជនជំនាន់មុន ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ និងការប្រថុយប្រថានយកជីវិត ធ្វើជាដើមទុនក្នុងបុព្វហេតុសន្តិភាព ដែលយើងមានសព្វថ្ងៃ ។

លោក ហ៊ុន ម៉ានី បានបន្តទៀតថា ក្នុងដំណើរបន្តស្វែងរកសន្តិភាព បង្រួបបង្រួមជាតិ ឯកភាព ជាតិ និងផ្សះផ្សាជាតិ បញ្ចប់សង្គ្រាមនៅកម្ពុជា គឺមិនអាចបំភ្លេចបាន នូវការលះបង់ដ៏ធំធេង ក្នុងបុព្វហេតុជាតិមាតុភូមិ របស់អ្នកជំនាន់មុន ជាពិសេសសម្ដេចតេជោ ហ៊ុន សែន បានឡើយ ដោយលោកបានដាក់ជីវិត ធ្វើជាដើមទុនក្នុងដំណើរសង្រ្គោះជីវិត ប្រជាជនពី របបប្រល័យពូជសាសន៍ ពោលគឺ សម្ដេចតេជោ គឺជាស្ថាបនិក និងប្រតិបត្តិករនយោបាយឈ្នះ!ឈ្នះ! រហូតនាំមកជូនជាតិនិងប្រជាជន នូវសន្តិភាពនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ និងការអភិវឌ្ឍជាបន្តបន្ទាប់ រហូតមកដល់សព្វថ្ងៃ ។

លោក បានគូសរំលឹកថា ពិតណាស់សមិទ្ធផលថ្ងៃនេះ គឺកើតចេញពីការដឹកនាំក្រោម បេសកកម្មធំៗចំនួន២ នៅក្នុងជីវិតរបស់សម្ដេចតេជោ ទី១ ៖ មិនឱ្យប្រជាពលរដ្ឋរងទុក្ខវេទនា ដូចអតីតកាល ជា ពិសេសដូចជារបបប្រល័យ ពូជសាសន៍ ប៉ុល ពត ទី២៖ ត្រូវខិតខំប្រឹងប្រែងអភិវឌ្ឍ ប្រទេសជាតិ ឥតឈប់ឈរ ៕
ដោយ៖សុខ សុភ័ណ្ឌ រូបថតរដ្ឋបាលខេត្ត

