កំពង់ធំ៖ សមិទ្ធផលនានា ដែលត្រូវបានកសាងឡើង សម្រាប់ព្រះពុទ្ធសាសនា ព្រះសង្ឃ និងពុទ្ធបរិស័ទ ត្រូវបានធ្វើឡើងពិធីបុណ្យឆ្លង និងពុទ្ធាពិសេកក្នុងវត្តរស្មីសាមគ្គី ហៅវត្តពង្រចាស់ ដែលស្ថិតក្នុងឃុំពង្រ ស្រុកតាំងគោក ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៥។

ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ប៊ុន ឈួន ប្រធានក្រុមប្រឹក្សាស្រុក លោក ហាក់ ម៉ុងហួត អភិបាលស្រុក តាំងគោក មន្រ្តីរាជការ កងកម្លាំងទាំងបីចំណុះឱ្យរដ្ឋបាលស្រុកតាំងគោក លោកយាយ លោកតា ប្រជាពលរដ្ឋ និងសិស្សានុសិស្សប្រមាណ៥០០នាក់ អញ្ជើញក្នុងពិធីឆ្លងសមិទ្ធផលនានាក្នុងវត្តរស្មីសាមគ្គី ហៅវត្តពង្រចាស់។
លោកអភិបាលស្រុក បានមានប្រសាសន៍ថា ក្រោមម្លប់សន្តិភាព និងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតឆ្លៀសវៃ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តមកសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃប្រទេសកម្ពុជាទទួលបានសុខសន្តិភាព និងសម្រេចបានការអភិវឌ្ឍ គ្រប់វិស័យទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ។ សម្រាប់ផ្នែកពុទ្ធចក្រ ពុទ្ធសាសនាមាន ការរីកចម្រើនគួរឱ្យកត់សម្គាល់ ក្លាយជាកម្លាំងមួយដែលជួយពង្រឹង សង្គមកម្ពុជាមានសាមគ្គីភាព និងជាម្លប់សម្រាប់ប្រជាជនទូទាំងប្រទេស។

លោកក៏បន្តទៀតថា សមិទ្ធផលថ្មីមួយដែលកើតចេញពីការដឹកនាំ កសាងរបស់ព្រះអង្គ ចៅអធិការវត្ត រួមទាំងកម្លាំងសទ្ធា ជ្រះថ្លារបស់បងប្អូន ពុទ្ធបរិស័ទប្រជាពលរដ្ឋទីជិតឆ្ងាយ ដែលបានចំណាយ នូវថវិកាធនធាន ដើម្បីចូលរួកសាង នូវសមិទ្ធផលនានា ទាំងអស់នេះឡើង ដើម្បីទុកជាប្រយោជន៍ ក្នុងព្រះពុទ្ធសាសនា ដែលជាផ្នែកមួយក្នុងការពង្រឹង នៃអាយុកាលព្រះពុទ្ធសាសនាគ្រប់៥ពាន់ព្រះវស្សា ។
សូមបញ្ជាក់ផងដែរថា សមិទ្ធិផល ដែលឆ្លងនេះមាន សាលាឆាន់ទំហំ២៥ម៉ែត្រ ទទឹង២០ម៉ែត្រ ចំណាយថវិកា៣០ ម៉ឺនដុល្លារអាមេរិក របងប្រវែង៤០០ ម៉ែត្រ អំពូលសូឡា និងអណ្តូងទឹក ចំណាយថវិកា៣០.៨៩០ដុល្លារ សហរដ្ឋអាមេរិកផងដែរ ៕ ដោយសំនៀង
