ព័ត៌មានជាតិ

អាជ្ញាធរ ប្រជុំចុងក្រោយ ជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីពិនិត្យការងារសេសសល់ ត្រៀមព្រឹត្តិការណ៍ កីឡាបាល់ទាត់មិត្តភាព កម្ពុជា-ថៃ

ភ្នំពេញ៖​​ នៅសល់តែរយៈពេល៥ថ្ងៃទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូត រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ នឹងឈានដល់ការចាប់ផ្តើមការប្រកួតហើយ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដោយមានការចូលរួមជាសហអធិបតីភាព ពីសំណាក់រដ្ឋមន្រ្តីក្រសួងការបរទេស នៃប្រទេសទាំង២ ក្នុងការបើកការប្រកួតនេះ ។

ពាក់ព័ន្ធនិងព្រឹត្តិការណ៍ កីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃនេះ រដ្ឋបាលរាជធានីភ្នំពេញ ជាមួយស្ថាប័នពាក់ព័ន្ធ បានបើកកិច្ចប្រជុំត្រួតពិនិត្យ​ លើការរៀបចំព្រឹត្តិការណ៍នេះ ចំនួន៤លើកហើយ ដោយកិច្ចប្រជុំលើកទី៤នេះ បានធ្វើឡើង កាលពីរសៀលថ្ងៃទី៣ ខែមិនា ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាពលោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញតំណាង នៅសាលារាជធានីភ្នំពេញ។

ក្នុងកិច្ចប្រជុំនេះ លោក កើត ឆែ បានលើកឡើងថា ការកិច្ចប្រជុំត្រៀមរៀបចំ ព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាព កម្ពុជា-ថៃនេះ ធ្វើឡើងដើម្បីឱ្យស្ថាប័ន ពាក់ព័ន្ធ បានត្រៀមលក្ខណៈបានគ្រប់ជ្រុងជ្រោយ ទាំងការរក្សាសន្តិសុខ សុវត្ថិភាព ទាំងការរៀបចំទីតាំង សំរាប់អ្នកចូលរួមទស្សនា និងចំណតជាដើម ហើយចំពោះកិច្ចប្រជុំលើកទី៤នេះ ជាកិច្ចប្រជុំចុងក្រោយ ដើម្បីពិនិត្យការងារ ដែលនៅសេសសល់ ថាតើត្រូវធ្វើអ្វីទៀតបំពេញបន្ថែម ដើម្បីឈានទៅទទួលបានជោគជ័យ ក្នុងការរៀបចំព្រឹត្តិការណ៍ នៃការប្រកួតនាថ្ងៃទី០៨ មិនាឆ្នាំ២០២៥ខាងមុខនេះ។

ព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃ ជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ ដោយលោកឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា​ និងលោករដ្ឋមន្រ្តីក្រសួងការបរទេស​ នៃព្រះរាជាណាចក្រថៃ នឹងអញ្ជើញចូលរួមជាសហអធិបតី ជាមួយនឹងការផ្សាយផ្ទាល់ពីទូរទស្សន៍បាយ័ន និងទូរទស្សន៍របស់ថៃ កាច់បន្តផ្សាយផ្ទាល់ពីទូរទស្សន៍បាយ័នផងដែរ ដើម្បីឱ្យប្រជាពលរដ្ឋថៃ បានទស្សនាព្រមៗគ្នា ជាមួយប្រជាពលរដ្ឋកម្ពុជាដែរ។

ការប្រកួត កីឡាបាល់ទាត់កម្ពុជា-ថៃនេះ គឺជាការប្រកួតមិត្តភាព ដែលមាន កីឡាករ និងតារាល្បីៗរបស់ថៃ និងកីឡាករនិងតារាល្បីៗ របស់កម្ពុជា មកចូលរួមជាកីឡាករជាច្រើននាក់ ក្នុងគោលបំណងរិតចំណងសាមគ្គីភាព មិត្តភាព កាន់តែល្អប្រសើរថែមទៀត។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃ អបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូត រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ដែលរៀបចំឡើង ដោយសហព័ន្ធប្រដាល់គុនខ្មែរ មាន២ប្រកួត នោះគឺ- ទី១ក្រុមបាល់ទាត់តារាកម្ពុជា នឹងប្រកួតជាមួយក្រុមបាល់ទាត់តារាថៃ និងទី២ក្រុមបាល់ទាត់គុនខ្មែរ ប្រកួតជាមួយក្រុមបាល់ទាត់ MUAYTHAI៕

To Top