ព័ត៌មានអន្តរជាតិ

អន្ដរជាតិ  ថ្កោលទោសអ៊ីស្រាអែល  ចំបោះការរារាំងជំនួយ ទៅកាន់តំបន់ហ្គាហ្សា

Xinhua

ហ្គាហ្សា៖ ការសម្រេចចិត្តរបស់អ៊ីស្រាអែល ក្នុងការរារាំងជំនួយមនុស្សធម៌ ដល់តំបន់ហ្គាហ្សា ចាប់តាំងពីដើមថ្ងៃអាទិត្យ បានបង្កឱ្យមានការថ្កោលទោសយ៉ាងខ្លាំងក្លា ពីក្រុមបក្សពួកប៉ាឡេស្ទីន បណ្តាប្រទេសក្នុងតំបន់ និងអង្គការអន្តរជាតិ។

នៅពេលចាប់ផ្តើមនៃកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃអាទិត្យ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានឲ្យដឹងថា ការសម្រេចចិត្ត “ដើម្បីទប់ស្កាត់រាល់ការ ចូលទំនិញ និងការផ្គត់ផ្គង់ចូលទៅក្នុងហ្គាហ្សា” ត្រូវបានធ្វើឡើង ដើម្បីដាក់សម្ពាធក្រុមហាម៉ាស ឱ្យទទួលយកសំណើថ្មី ដើម្បីបន្តដំណាក់កាលទី១ នៃកិច្ចព្រមព្រៀងឈប់បាញ់ និងការដោះលែងចំណាប់ខ្មាំង ដែលលោកបានឲ្យដឹងថា ត្រូវបានដាក់ចេញដោយ បេសកជនមជ្ឈិមបូព៌ា របស់សហរដ្ឋអាមេរិកលោក Steve Witkoff ។

លោក​បាន​ព្រមាន​ថា ក្រុម​ហាម៉ាស់​នឹង​ប្រឈម​មុខ​នឹង​ “ផលវិបាក​បន្ថែម” ប្រសិនបើ​ខ្លួន​មិន​យល់ព្រម​ចំពោះ​សំណើ​នេះ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។

ជាការឆ្លើយតប ក្រុមហាម៉ាស់ បានថ្កោលទោសការសម្រេចចិត្តនេះ ដោយហៅវានៅក្នុងសេចក្តីថ្លែងការណ៍មួយថាជា “ការប៉ុនប៉ងយ៉ាងម៉ឺងម៉ាត់ដើម្បីសងសឹកលើកិច្ចព្រមព្រៀង និងគេចចេញពីការចរចាសម្រាប់ដំណាក់កាលទីពីររបស់ខ្លួន”។  ក្រុមនេះបានឲ្យដឹងថា ការទប់ស្កាត់ជំនួយដល់ប្រជាជន ២លាននាក់នៅហ្គាហ្សាគឺជា “ការចោទប្រកាន់ថោកទាប និងជាឧក្រិដ្ឋកម្មសង្គ្រាម” ហើយបានជំរុញ ឱ្យអ្នកសម្របសម្រួល និងសហគមន៍អន្តរជាតិដាក់ សម្ពាធលើអ៊ីស្រាអែល ឱ្យបញ្ច្រាសការសម្រេចចិត្ត។

លោក Mahmoud Meedawi មន្ត្រីជាន់ខ្ពស់ក្រុមហាម៉ាស់ បានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍ មួយថា ក្រុមនេះបានបដិសេធ មិនបន្តដំណាក់ កាលទីមួយ នៃកិច្ចព្រមព្រៀងជាមួយអ៊ីស្រាអែល ដោយសង្កត់ធ្ងន់លើតម្រូវការ ក្នុងការអនុវត្តដំណាក់កាលទាំងអស់ ដូចដែលបានចុះហត្ថលេខាដំបូង៕
ប្រែសម្រួល ឈូក បូរ៉ា

To Top