ព័ត៌មានអន្តរជាតិ

អេហ្ស៊ីប ជំរុញឱ្យអនុវត្តទាំងស្រុង នូវកិច្ចព្រមព្រៀង បទឈប់បាញ់ នៅតំបន់ហ្គាហ្សា

AFP

គែរ៖ រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប លោក Badr Abdelatty បានអះអាងជាថ្មីពីសារៈសំខាន់នៃការអនុវត្តយ៉ាងពេញលេញ និងស្មោះត្រង់កិច្ចព្រមព្រៀង បទឈប់បាញ់ ដែលកំពុងបន្តរវាងក្រុមហាម៉ាស់ និងអ៊ីស្រាអែល នៅតំបន់ហ្គាហ្សាស្ទ្រីប ដោយសង្កត់ធ្ងន់លើភាពចាំបាច់ នៃការផ្លាស់ប្តូរទៅដំណាក់កាលទីពីរនៃកិច្ចព្រមព្រៀង ដើម្បីធានាឱ្យមានបទ ឈប់បាញ់យូរអង្វែង។

លោក Abdelatty បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានរួម នៅទីក្រុងគែរជាមួយស្នង ការអឺរ៉ុបសម្រាប់ សមុទ្រមេឌីទែរ៉ាណេ លោក Dubravka Suica ថា “ចាប់តាំងពីដំណាក់កាលទីមួយ ត្រូវបានបញ្ចប់ ឥឡូវនេះយើងគួរ តែចាប់ផ្តើមការពិភាក្សា និង ការពិគ្រោះយោបល់លើដំណាក់កាលទីពីរ។ គោលដៅចុងក្រោយ គឺរក្សាបាននូវកិច្ចព្រមព្រៀង បទឈប់បាញ់” ។

លោក Abdelatty បានថ្កោលទោសការសម្រេចចិត្ត របស់នាយករដ្ឋមន្ត្រី អ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ ក្នុងការបញ្ឈប់ការផ្តល់ជំនួយទៅកាន់តំបន់ហ្គាហ្សា នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ 

លោកបានលើកឡើងថា ការប្រើប្រាស់ជំនួយជាអាវុធ នៃការដាក់ទណ្ឌកម្មរួម និងភាពអត់ឃ្លាននៅក្នុងតំបន់ហ្គាហ្សា គឺមិនអាចទទួលយកបាន និងមិនអាចអនុញ្ញាតបាន ដោយលោកបញ្ជាក់ថា ទង្វើនេះតំណាងឱ្យការរំលោភយ៉ាងធ្ងន់ធ្ងរ និងច្បាស់លាស់នៃច្បាប់មនុស្សធម៌អន្តរជាតិ។

អ្នកការទូតកំពូលអេហ្ស៊ីប បានសង្កត់ធ្ងន់ថា អេហ្ស៊ីបកំពុងសម្របសម្រួល យ៉ាងសកម្មជាមួយសហរដ្ឋអាមេរិក និងកាតា ធ្វើជាម្ចាស់ផ្ទះនៃគណៈប្រតិភូ និងបង្កើនការពិភាក្សា ដើម្បីធានាការ អនុវត្តកិច្ចព្រមព្រៀង រក្សាបទឈប់បាញ់ និងសម្របសម្រួលការផ្តល់ជំនួយ មនុស្សធម៌ដល់ហ្គាហ្សា។

លោកបានប្រាប់ អ្នកយកព័ត៌មានថា “យើងបន្តកិច្ចខិត ខំប្រឹងប្រែង យ៉ាងយកចិត្តទុកដាក់របស់យើង ដើម្បីធានាបាននូវ និរន្តរភាព នៃបទឈប់បាញ់ និងដើម្បីចាប់ផ្តើមការចរចា លើដំណាក់កាលទីពីរ”៕

To Top