ព័ត៌មានជាតិ

រាជរដ្ឋាភិបាលកម្ពុជា មានសុទិដ្ឋិនិយមខ្ពស់ថា កំណើនសេដ្ឋកិច្ចនៅមានលទ្ធភាពបន្តសម្រេចបានក្នុងរង្វង់ ៦,៥% មធ្យមប្រចាំឆ្នាំ

ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកឡើងថា ក្នុងរយៈពេលខ្លី និងមធ្យមខាងមុខ រាជរដ្ឋាភិបាលកម្ពុជា នៅតែមានសុទិដ្ឋិនិយមខ្ពស់ថា «កំណើនសេដ្ឋកិច្ចនៅមានលទ្ធភាពបន្តសម្រេចបាន ក្នុងរង្វង់ ៦,៥% មធ្យមប្រចាំឆ្នាំ»។

នាឱកាសអញ្ជើញជាអធិបតីបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០២៥ ស្តីពី យុទ្ធសាស្ត្រកំណើនថ្មីរបស់ប្រទេសកម្ពុជា ៖ អាទិភាពសម្រាប់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ និងនិរន្តរភាព នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងឆ្នាំ២០២៥នេះ សេដ្ឋកិច្ចកម្ពុជា រំពឹងថា នឹងបន្ដថែរក្សាបានចលនាការរឹងមាំ ជាមួយនឹងអត្រាកំណើន ក្នុងរង្វង់ ៦,៣% ដែលបន្ដទ្រទ្រង់ ដោយវិស័យបម្រើការនាំចេញ តួរយ៉ាងដូចជា វិស័យកាត់ដេរ និងកម្មន្ដសាល មិនមែនកាត់ដេរ ការបន្ដនិន្នាការកើនឡើងវិញ នៃវិស័យទេសចរណ៍ និងសេវាគាំទ្រ។ គួបផ្សំជាមួយនឹងការបន្ដសេ្ថរភាព នៃកំណើនវិស័យកសិកម្ម។

សម្ដេចបវរធិបតី មានប្រសាសន៍ថា «ក្នុងរយៈពេលខ្លី និងមធ្យមខាងមុខ, រាជរដ្ឋាភិបាលនៅតែមានសុទិដ្ឋិនិយមខ្ពស់ថា កំណើនសេដ្ឋកិច្ចនៅមានលទ្ធភាពបន្តសម្រេចបាន ក្នុងរង្វង់ ៦,៥% មធ្យមប្រចាំឆ្នាំ។ យ៉ាងណាមិញ, កំណើននេះនឹងមិនកើតឡើងដោយឯកឯងនោះទេ ប៉ុន្តែទាមទារការខិតខំប្រឹងប្រែងពីភាគីពាក់ព័ន្ធ, មិនត្រឹមតែពីសំណាក់រាជរដ្ឋាភិបាលនោះឡើយ, ក្នុងការពង្រឹងការអនុវត្តគោលនយោបាយ និងការដ្ឋានកែទម្រង់គន្លឹះៗ»។

សម្ដេចបវរធិបតី បន្ដថា ការវាយតម្លៃនេះ ក៏មានសង្គតិភាពទៅនឹងរបាយការណ៍សិក្សារបស់វិទ្យាស្ថាន CDRI ដែលនឹងត្រូវ ផ្សព្វផ្សាយក្នុងសន្និសីទនាថ្ងៃនេះ, សម្ដេច បានលើកឡើងថា «កម្ពុជាអាចសម្រេចបានក្នុងអត្រាកំណើនជាមធ្យមប្រចាំឆ្នាំ ប្រមាណ ៦,៤% ក្នុងទសវត្សរ៍ខាងមុខ ក្នុងករណីមាន ការរៀបចំគោលនយោបាយជាក់លាក់, ចំៗ និង ជាក់ស្តែងនិយម អមជាមួយការអនុវត្ត ប្រកបដោយប្រសិទ្ធភាព ហើយទាំងនោះក៏ជាអ្វីដែលខ្ញុំសង្ឃឹមថានឹងទទួលបានចេញពី លទ្ធផលនៃសន្និសីទថ្ងៃនេះផងដែរ»។

ជាមួយគ្នានេះដែរ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានទាញចំណាប់អារម្មណ៍នូវទិដ្ឋភាពសំខាន់ៗ ចំនួន២ ដើម្បីបង្កើតជាចំណុចរបត់ថ្មីនៃការគិតគូររៀបចំ គោលនយោបាយ, ដែលនោះ៖ ១៖ បើទោះសេដ្ឋកិច្ចកម្ពុជាបានវិលត្រលប់ទៅរកកំណើនសក្តានុពលវិញក៏ពិតមែន ប៉ុន្តែវិបត្តិជំងឺកូវីដ-១៩ បានបន្សល់ស្លាកស្នាម និងបន្ទច់បង្អាក់ដល់ល្បឿនអភិវឌ្ឍន៍របស់កម្ពុជា ជារួម, និង២៖ កម្ពុជា ក៏ដូចជាសេដ្ឋកិច្ចសកល និងតំបន់ គឺនៅបន្តស្ថិតក្នុង អន្តរកាលនៃពហុវិបត្តិ, ក្នុងន័យថា វិបត្តិមួយមិនទាន់ចប់រលត់ផង, វិបត្តិមួយទៀតក៏បានកើតឡើង, សង្គ្រាមមួយមិនទាន់បិទបញ្ចប់ផង, សង្រ្គាមមួយទៀតក៏បានកើតឡើង។

សម្ដេចបវរធិបតី បន្ថែមថា ក្នុងនោះ, ហានិភ័យ និងភាពមិនប្រាកដប្រជា កើតមានកាន់តែច្រើនឡើងៗ រួមមាន ៖ (១). ការកើនឡើងនូវគោលនយោបាយគាំពារនិយម (Protectionism) និងសង្គ្រាម ពាណិជ្ជកម្ម; (២). ភាពតានតឹងនៃកត្តាភូមិសាស្ត្រសេដ្ឋកិច្ចដែលអាចបន្ទច់បង្អាក់ដល់ ច្រវាក់ផ្គត់ផ្គង់សកល និងនាំទៅដល់ការកើនថ្លៃទំនិញជាអន្តរជាតិ; (៣). ការបែកខ្ញែក ភូមិសាស្ត្រសេដ្ឋកិច្ច និងពាណិជ្ជកម្ម; និង (៤). ផលប៉ះពាល់កាន់តែធ្ងន់ធ្ងរពីការប្រែប្រួល អាកាសធាតុ និងគ្រោះធម្មជាតិ ។ អន្តរកាលនៃពហុវិបត្តិនេះ បានធ្វើឱ្យស្ថានភាព សេដ្ឋកិច្ចសកល និងតំបន់មានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស និងមិនអាចរំពឹងទុកជាមុនបាន, ហើយនឹងបង្កជាកម្មវិបាក, ទាំងវិជ្ជមាន និងអវិជ្ជមាន, ទាំងផ្ទាល់ និងប្រយោល ដល់សេដ្ឋកិច្ច និងសង្គមកម្ពុជា ផងដែរ៕

To Top