ភ្នំពេញ ៖ ប្រធានអង្គភាព អ្នកនាំពាក្យ រាជរដ្ឋាភិបាលកម្ពុជា លោកប៉ែន បូណាបានគូសបញ្ជាក់ថា ការបង្កើតច្បាប់ស្តីពី ការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើង ក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ ធ្វើឡើង ដើម្បីទប់ស្កាត់ការវិល ត្រឡប់មកវិញ នូវរបបប្រល័យពូជសាសន៍ នៅកម្ពុជាម្តងទៀត។
លោកប៉ែន បូណា បានមានប្រសាសន៍ នាពេលថ្មីៗនេះថា របបប្រល័យពូជសាសន៍ខ្មែរក្រហម បានធ្វើឲ្យប្រជាពលរដ្ឋខ្មែរ ជាពិសេសចាស់ៗ ជំនាន់មុនមានការភ័យខ្លាច បើកាលណាពួកគាត់លឺ តែរបបប្រល័យ ពូជសាសន៍ ដែលមានការកាប់ សម្លាប់គ្នា គ្មានញញើតដៃ ដូច្នេះថ្នាក់ដឹកនាំមិនចង់ ឲ្យមានរបបនេះវិល វិញ ទើបបានជាខិតខំប្រឹងប្រែង តាក់តែងច្បាប់នេះឡើង ជាពិសេសមិនចង់ឲ្យក្មេងៗ ជំនាន់ក្រោយ បានស្គាល់រស់ជាតិ របបខ្មែរក្រហមនៅ លើទឹកដី កម្ពុជាទៀត ។
លោកថា ការបង្កើតច្បាប់នេះ ក៏ដើម្បីគោរពទៅដល់ វិញ្ញាណក្ខន្ធជន រងគ្រោះដែលបានស្លាប់ ក្នុងរបបប្រល័យ ពូជសាសន៍ យ៉ាងអណោចអធម និងអយុត្តិធម៌ ។
អ្នកនាំពាក្យបន្ថែមថា “ច្បាប់នេះ មានភាពចាំបាច់ ហើយមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ប្រទេសកម្ពុជាយើង សំខាន់នៅត្រង់ថាគឺជាច្បាប់មួយ ដើម្បីទប់ស្កាត់បង្ការកុំឲ្យមានរបបប្រល័យ ពូជសាសន៍កើតឡើង ជាថ្មីម្តងទៀតនៅលើទឹកដីកម្ពុជា” ។
បន្ថែមពីលើនេះទៀតថា លោកប៉ែន បូណាសង្កត់ធ្ងន់ថា ប្រសិនបើមានអ្នកណាម្នាក់ ប្រកាសមិនទទួលស្គាល់ របបប្រល័យពូជសាសន៍ ហើយថាគ្មានរបបប្រល័យពូជសាសន៍នៅកម្ពុជា បានន័យថា របបនេះអាចវិលមកកម្ពុជាម្តងទៀត ហើយធ្វើឲ្យប្រវត្តិសាស្រ្តច្រំដែល និងប្រមាថទៅដល់អ្នកស្លាប់ ជាច្រើនលាននាក់នៅក្នុងរបបប្រល័យពូជសាសន៍។
សូមបញ្ជាក់ថា កាលពីថ្ងៃ១ មីនា ព្រះមហាក្សត្រកម្ពុជាបានប្រកាស ដាក់ឲ្យប្រើប្រាស់ ច្បាប់ប្រឆាំង ការមិនទទួលស្គាល់ ឧក្រិដ្ឋកម្ម បន្ទាប់ពីរដ្ឋសភាកាលពីថ្ងៃ១៨ កុម្ភៈ បានអនុម័តជាឯកឆន្ទ ក្នុងសម័យប្រជុំលើកទី៣ នីតិកាលទី៧ ហើយដែលព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់លើទម្រង់ និងគតិច្បាប់នេះទាំងស្រុង កាលពីថ្ងៃទី២៦កុម្ភៈ នាសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ ៕
