ព័ត៌មានជាតិ

សាស្ត្រាចារ្យ ឈាង រ៉ា ស្នើអនុប្រធាន ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ផ្នែកអត្រានុកូលដ្ឋាន ចែករំលែកចំណេះដឹង ពីសុខាភិបាលឌីជីថល

ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានស្នើឱ្យលោក Romain Santon អនុប្រធានប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ផ្នែកអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន របស់អង្គការ Vital Strategies សហការក្នុងការចែករំលែកចំណេះដឹង និងបទពិសោធន៍ ពាក់ព័ន្ធជាមួយប្រព័ន្ធ សុខាភិបាលឌីជីថល ។
ការស្នើរបស់លោកសាស្ត្រាចារ្យ រដ្ឋមន្រ្តីនេះ ក្នុងជំនួបពិភាក្សាការងារជាមួយ លោក Romain Santon នាថ្ងៃ៤ មីនា ។

បើតាមលោក Romain Santon ការងាររបស់ Vital Strategies បានអនុវត្តនៅកម្ពុជាចាប់ពីឆ្នាំ២០១៧ រហូតដល់បច្ចុប្បន្ន។ អង្គការ Vital Strategies តាមរយៈគម្រោងគំនិតផ្តួចផ្តើម ស្តីពីទិន្នន័យសម្រាប់សុខភាព (D4H) របស់ Bloomberg Philanthropies បានគាំទ្រកែលម្អការប្រមូលការវិភាគ និងការប្រើប្រាស់ទិន្នន័យសុខភាព សាធារណៈនៅកម្ពុជា តាមរយៈការអនុវត្តគម្រោងអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន គម្រោងផលជះ នៃការប្រើប្រាស់ទិន្នន័យ និងគម្រោងចុះបញ្ជីជំងឺមហារីក គម្រោងគ្រប់គ្រងថ្នាំជក់ ជាដើម។

លោក Romain Santon បានថ្លែងអំណរគុណសាស្រ្តាចារ្យរដ្ឋមន្ត្រី ដែលបានគាំទ្រយ៉ាងជិតស្និទដល់ក្រុមការងារ Vital Strategies នាពេលកន្លងមកធ្វើឱ្យគម្រោង ទទួលបានប្រកបដោយប្រសិទ្ធិភាព និងប្រសិទ្ធិផល ព្រមទាំងស្នើសុំអនុសាសន៍ សម្រាប់កិច្ចសហប្រតិបត្តិការ និងការអនុវត្តគម្រោង និងផែនការសកម្មភាព សម្រាប់ជំហានទី៦ ចាប់ពីខែមេសា ឆ្នាំ២០២៥ ដល់ខែមីនា ឆ្នាំ២០២៧ សម្រាប់គម្រោងទីក្រុង ដែលមានសុខមាលភាពល្អ ។

ចំណែក សាស្រ្តាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណនិងស្វាគមន៍លោក Romain Santon ដែលមានសុច្ឆន្ទៈ ចូលរួមចំណែកគាំទ្រវិស័យសុខាភិបាល ជាពិសេសបាននិងកំពុងគាំទ្រ ការរៀបចំច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ដែលបានដាក់ប្រើប្រាស់នៅឆ្នាំ២០២៣ ព្រមទាំងបានបញ្ជាក់អំពីការប្តេជ្ញាចិត្តក្នុងការបន្តគាំទ្រ ការរៀបចំសេចក្តីព្រាងប្រកាសអន្តរក្រសួង ស្តីពីអត្រានុកូលដ្ឋាន និងស្ថិតិអត្រានុកូលដ្ឋាន និងចុះបញ្ជីជំងឺមហារីក និងស្នើសុំការណែនាំរៀបចំគម្រោង សហប្រតិបត្តិការបន្តទៀត។

ដោយសារពិនិត្យលើប្រវត្តិការងារ និងបទពិសោធន៍របស់អង្គការ Vital Strategies សាស្ត្រាចារ្យរដ្ឋមន្ត្រី បានសំណូមពរ Vital Strategies ពិនិត្យលទ្ធភាពជួយសហការចែករំលែកចំណេះដឹង និងបទពិសោធន៍ ក្នុងការចុះបញ្ជីជំងឺមហារីក , ការបណ្តុះបណ្តាលមន្រ្តីសុខាភិបាលលើជំនាញវិភាគ , ការប្រើប្រាស់ទិន្នន័យ , ការសរសេររបាយការណ៍នានា , ការបណ្តុះបណ្តាលភាពជាដឹកនាំ , ការអនុវត្តប្រព័ន្ធសុខាភិបាលឌីជីថល , លើការជូនដំណឹង ពីកំណើតរស់ , ដំណឹងមរណភាព , ការកំណត់មូលហេតុមរណភាព , ការដាក់កូដមរណភាព និង ការតភ្ជាប់ប្រព័ន្ឋសុខាភិបាល ឌីជីថល នៃក្រសួងសុខាភិបាល ជាមួយប្រព័ន្ធក្រសួងមហាផ្ទៃ ក្រសួងផែនការ សំដៅធ្វើយ៉ាងណាបន្ថែមការគាំទ្រ កែលម្អគុណភាព ការអនុវត្តប្រព័ន្ធ សុខាភិបាលឌីជីថល និងការប្រើប្រាស់ទិន្នន័យ សុខភាពសាធារណៈសម្រាប់ការរៀបចំគោលនយោបាយ និងការសម្រេចចិត្ត របស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា សំដៅឆ្ពោះទៅសម្រេចបានគោលដៅ នៃការគ្របដណ្តប់សុខភាពជាសកល ៕

To Top