បរទេស ៖ យោងតាមការចេញផ្សាយ របស់ RTប៉ូលីស នៃប្រទេសអាល្លឺម៉ង់ បានចាប់ខ្លួនអ្នកបើកបររថយន្ត ដែលបើកបុកអ្នកថ្មើរជើង ជាច្រើននាក់ នៅក្នុងទីក្រុង Mannheim កាលពីថ្ងៃចន្ទ ដោយបានសម្លាប់មនុស្សយ៉ាង ហោចណាស់២នាក់ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។
សាក្សីបាននិយាយថា ឧបទ្ទវហេតុដែលបណ្តាល ឲ្យមនុស្សរាប់សិបនាក់រងរបួសគឺជាចេតនាប៉ុន្តែ ទោះជាយ៉ាងណា ប៉ូលិសមិនបានធ្វើអត្ថាធិប្បាយពីមូលហេតុដែលជនសង្ស័យនោះ បានរៀបចំផែនការធ្វើនោះទេ។
សារព័ត៌មាននានាបាននិយាយថា ឧបទ្ទវហេតុនេះបានកើតឡើងនៅទីលានមួយ ក្នុងកណ្តាលទីក្រុងប្រើសម្រាប់ក្បួនដង្ហែរ ប៉ុន្តែទោះបីជាយ៉ាងណាក្តី គេពុំឃើញមានព្រឹត្តិការណ៍ណាមួយកើតឡើង នៅថ្ងៃចន្ទឡើយហើយភ្លាមក្រុមប៉ូលីស បានអំពាវនាវឲ្យប្រជាពលរដ្ឋជៀសវាងពីតំបន់នោះរួចរាល់ហើយដែរ ។
គួរឲ្យដឹងដែរថា ការវាយប្រហារតាមរថយន្ត គឺជាបញ្ហាក្តៅក្នុងប្រទេសអាល្លឺម៉ង់ ដោយសារតែទំនាក់ទំនងដ៏មានសក្តានុពលទៅនឹងអំពើភេរវកម្ម និងការគម្រាមកំហែងដែលបង្កឡើង ដោយជនចំណាកស្រុក។
រំលឹកដែរថា កាលពីខែមុន ជនជាតិអាហ្វហ្គានីស្ថានម្នាក់ បានសម្រុកចូលក្នុងការជួបជុំដ៏ធំមួយក្នុងទីក្រុង Munich បណ្តាលឲ្យមនុស្សរាប់សិបនាក់រងរបួសហើយក្នុងនោះ ក្មេងស្រីអាយុ២ឆ្នាំម្នាក់ និងម្តាយរបស់នាង ក្រោយមកបានស្លាប់នៅក្នុងមន្ទីរពេទ្យ ដោយសាររបួសធ្ងន់ធ្ងរពេក៕
ប្រែសម្រួល៖ស៊ុនលី
