ព័ត៌មានអន្តរជាតិ

បណ្ដាមេដឹកនាំអារ៉ាប់ អនុម័តផែនការកសាងឡើងវិញ នៃតំបន់ហ្គាហ្សា របស់អេហ្ស៊ីប

AFP
" "

គែរ៖ បណ្ដាមេដឹកនាំអារ៉ាប់បានអនុម័តនូវ ផែនការកសាងឡើងវិញរបស់អេហ្ស៊ីប សម្រាប់តំបន់ហ្គាហ្សា ដែលត្រូវបានគេប៉ាន់ប្រមាណថានឹងចំណាយប្រាក់ ៥៣ ពាន់លានដុល្លារអាមេរិក និងមានបំណងចៀសវាងការផ្លាស់ប្តូរ ប្រជាជនប៉ាឡេស្ទីនចេញពីតំបន់។ ផែនការនេះត្រូវបានទទួលយកនៅឯការ បិទកិច្ចប្រជុំកំពូលអារ៉ាប់គ្រាអាសន្ន ដែលធ្វើឡើងនៅទីក្រុងគែរ ដោយមានការគាំទ្រយ៉ាងពេញទំហឹង ពីមេដឹកនាំអារ៉ាប់ដែលចូលរួម។

កិច្ចប្រជុំកំពូលក៏បានយល់ព្រម បង្កើតគណៈកម្មាធិការបច្ចេកវិទ្យាមិនប្រកាន់បក្សពួក ដើម្បីគ្រប់គ្រងតំបន់ហ្គាហ្សា យ៉ាងហោចណាស់ប្រាំមួយខែ ក្រោមឆ័ត្ររបស់អាជ្ញាធរប៉ាឡេស្ទីន នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

" "

បន្ទាប់ពីកិច្ចប្រជុំកំពូលនេះ រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប លោក Badr Abdelatty បានប្រាប់សន្និសីទសារព័ត៌មានថា អេហ្ស៊ីបនឹងចាប់ផ្តើមជំរុញផែនការ កសាងឡើងវិញរបស់ខ្លួនជាអន្តរជាតិ។ លោកបានរៀបរាប់លម្អិតថា ផែនការនេះរួមមានការបង្កើតកំពង់ផែសមុទ្រ និងអាកាសយានដ្ឋាននៅតំបន់ហ្គាហ្សាស្ទ្រីប និងការកែច្នៃកម្ទេចថ្ម ដែលបន្សល់ទុកដោយការបំផ្លិចបំផ្លាញនៅហ្គាហ្សា។

" "

យោងតាមសេចក្តីថ្លែងការណ៍ចុងក្រោយរបស់កិច្ចប្រជុំ មេដឹកនាំអារ៉ាប់ បានចេញការព្រមានថា ការប៉ុនប៉ងផ្លាស់ទីលំនៅរបស់ប្រជាជនប៉ាឡេស្ទីន ឬបញ្ចូលផ្នែកណាមួយនៃទឹកដីប៉ាឡេស្ទីន ដែលកាន់កាប់នោះ នឹងនាំតំបន់នេះទៅជាជម្លោះដំណាក់កាលថ្មី បំផ្លាញឱកាសសម្រាប់ស្ថិរភាព និងពង្រីកជម្លោះទៅកាន់ប្រទេសដទៃទៀតនៅក្នុងតំបន់។

មេដឹកនាំអារ៉ាប់ បានសន្យាផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ សម្ភារៈ និងនយោបាយគ្រប់ប្រភេទសម្រាប់ ការអនុវត្តផែនការកសាងឡើងវិញ ដោយជំរុញឱ្យសហគមន៍អន្តរជាតិ និងស្ថាប័នហិរញ្ញវត្ថុផ្តល់ការគាំទ្រ ជាចាំបាច់សម្រាប់ផែនការនេះភ្លាមៗ។ មេដឹកនាំអារ៉ាប់ក៏បានសង្កត់ធ្ងន់ លើភាពបន្ទាន់នៃការអនុវត្តដំណាក់កាលទី ២ និងទី ៣ នៃកិច្ចព្រមព្រៀងឈប់បាញ់រវាងក្រុមហាម៉ាស់ និងអ៊ីស្រាអែល ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃ ការប្តេជ្ញាចិត្តរបស់ភាគីនីមួយៗ ចំពោះកាតព្វកិច្ចរបស់ខ្លួន ជាពិសេសភាគីអ៊ីស្រាអែល ដើម្បីសម្រេចបាននូវការបញ្ឈប់ជាអចិន្ត្រៃយ៍នៃ “ការឈ្លានពាន” ប្រឆាំងនឹងតំបន់ហ្គាហ្សា ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top