ភ្នំពេញ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានលើកឡើងថា នារីគឺជា កម្លាំងស្នូល ដើរតួនាទីយ៉ាងសំខាន់ មិនអាចខ្វះបានក្នុងវិស័យសុខាភិបាល និងក្នុងការអភិវឌ្ឍប្រទេសជាតិ ។

ក្នុងឱកាសអញ្ជើញជាអធិបតីភាព អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី១១៤ ទិវាអន្តរជាតិនារី ៨ ឆ្នាំ២០២៥ ក្រោមប្រធានបទ «ស្ត្រី សមភាព និងភាពអង់អាច ចំពោះស្រ្តីនិងក្មេងស្រីគ្រប់រូប» នាថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសរំលេចអំពីជីវិត ភាពជោគជ័យ ការកសាងគ្រួសារ គ្រប់ដំណើរនៃការវិវត្តន៍ របស់ស្រ្តី ដែលមានបង្កប់ដោយសេចក្តីស្រឡាញ់ ការថែទាំ ទុកដាក់គ្រួសារ ការបម្រើការងារ និងប្រទេសជាតិ បន្ថែមទៅលើ បន្ទុកពពោះ មើលថែកូនចៅក្នុងក្រុមគ្រួសារទៀតផង ។ គួររំលឹកដែរថា ប្រទេសកម្ពុជាបានជាប់ជាប្រទេសគំរូ ដែលសម្រេចបាន លទ្ធផលល្អប្រសើរ ក្នុងការផ្តល់ការយកចិត្តទុកដាក់លើសុខភាព និងសុខុមាលភាពស្រ្តី។

ក្នុងទិវានេះ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណ ដល់លោក លោកស្រី ទាំងអស់ ដែលជានិច្ចកាលតែងតែសហការ និងខិតខំប្រឹងប្រែង ក្នុងការលើកកម្ពស់ស្រ្តី និងក្មេងស្រី នាពេលកន្លងមក ព្រមទាំងសូមវាយតម្លៃខ្ពស់ និងកោតសរសើរដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិក ជានារីក្នុងវិស័យសុខាភិបាលទាំងមូល ដែលបានខិតខំប្រឹងប្រែងចូលរួមក្នុងការលើកស្ទួយវីស័យសុខាភិបាល ការផ្តល់សេវាប្រកបដោយ គុណភាព និងសមភាព ជូនដល់ប្រជាជន និងខិតខំអភិវឌ្ឍចំណេះជំនាញ របស់ខ្លួនជាបន្តបន្ទាប់។

រដ្ឋមន្រ្តី ឈាង រ៉ា ក៏បានបំពាក់គ្រឿងឥស្សរិយយសមេដាយ ដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ ជានារី ចំនួន ៤១រូប ដែលមានស្នាដៃក្នុងការបំពេញការងារ និងដើម្បីលើកទឹកចិត្តដល់នារី ឱ្យខិតខំបំពេញការងារបន្ថែមទៀត។

ក្នុងឱកាសនោះដែរ មុននឹងបញ្ចប់កម្មវិធី ក៏មានការច្រៀងរួមគ្នា នូវបទចម្រៀង និពន្ធដោយ មន្រ្តីសុខាភិបាល «សុខាភិបាល ដើម្បីស្នាមញញឹម» ដែលបង្ហាញពីការសហការគ្នា និងសាមគ្គីភាព ស្នាមញញឹមរបស់នារី និងភាពអង់អាចក្នុងការបំពេញការងាររបស់ថ្នាក់ដឹកនាំ រហូតមន្រ្តីរាជការជានារី ដើម្បីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី១១៤ ទិវាអន្តរជាតិនារី ៨ ឆ្នាំ២០២៥ ស្របទៅនឹងប្រធានបទ«ស្ត្រី សមភាព និងភាពអង់អាច ចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប» ៕




