ព័ត៌មានជាតិ

មេដឹកនាំសហជីពលើកឡើងថា ស្រ្តីនៅក្នុងវិស័យការងារត្រូវបានលើកកម្ពស់ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជានៅគ្រប់អាណត្តិ

ភ្នំពេញ៖ បណ្តាមេដឹកនាំសហជីពនៅកម្ពុជាបានលើកឡើងថា ស្រ្តីនៅក្នុងវិស័យការងារមិនថាក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធត្រូវបានលើកកម្ពស់សិទ្ធិ សមភាពយេនឌ័រ ទទួលបានកិច្ចគាំពារពេញលេញ និងទទួលបានភាពកក់ក្តៅ នៅគ្រប់អាណត្តិនៃរាជរដ្ឋាភិបាលកម្ពុជា ពោលគឺចាប់តាំងពីក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី បន្តរហូតមកដល់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តីកម្ពុជា។

លោក គឹម ចាន់សំណាង ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) បានលើកឡើងថា ស្រ្តីនៅក្នុងវិស័យការងារនៅប្រទេសកម្ពុជាត្រូវបានលើកកម្ពស់ និងមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា មិនថាឱកាសការងារ ការទទួលបានកិច្ចគាំពារសង្គម និងអត្ថប្រយោជន៍ផ្សេងៗទៀតនោះទេ។

ប្រធានសហជីពរូបនេះបន្ថែមថា បើនិយាយនៅក្នុងវិស័យកាត់ដេរសម្លៀកបំពាក់វិញស្រ្តីមានជិត១លាននាក់ ច្រើនជាងបុរសដាច់ ដូច្នេះវាបានបង្ហាញថាស្រ្តីនៅកម្ពុជាបានដើរតួនាទី និងចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងវិស័យការងារនៅកម្ពុជា។ ទន្ទឹមនឹងនេះ វាក៏បានបង្ហាញថា យេនឌ័រត្រូវបានលើកកម្ពស់ ស្រ្តីជាចំណែកមួយយ៉ាងសំខាន់នៅក្នុងសង្គមសេដ្ឋកិច្ច។ ចំពោះយន្តការលើកកម្ពស់កិច្ចគាំពារសង្គម ប្រធានសហជីពរូបនេះពន្យល់ទៀតថា ស្រ្តីត្រូវស្ថិតនៅអាទិភាពជានិច្ចក្នុងយន្តការរបស់រាជរដ្ឋាភិបាល។ ស្រ្តីក្នុងវិស័យកាត់ដេរគ្រប់ៗរូបទទួលបានការប្រើប្រាស់បណ្ណ ប.ស.ស. ដោយឥតគិតថ្លៃ ជាពិសេសស្រ្តីដែលមានផ្ទៃពោះទទួលបានអត្ថប្រយោជន៍ពេញលេញទាំងមុន និងក្រោយសម្រាលកូន រហូតកូនមានអាយុក្រោមពីរឆ្នាំ។

ចំណែក លោក លាង ស៊ុនហ៊ាង ប្រធានសហព័ន្ធសហជីពកម្មករកម្ពុជា បានលើកឡើងថា នាពេលបច្ចុប្បន្ននេះស្រ្តីមិនត្រឹមតែត្រូវបានលើកកម្ពស់សិទ្ធិនោះទេ ថែមទាំងទទួលបានការយកចិត្តទុកដាក់យ៉ាងពេញលេញពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា។ មិនថាទាំងឱកាសការងារ និងកិច្ចគាំពារសង្គមទេ ស្រ្តីតែងត្រូវបានគិតគូរជានិច្ចពីសំណាក់ថ្នាក់ដឹកនាំ។ ប្រធានសហជីពរូបនេះបន្ថែមថា ក្រៅតែពីអត្ថប្រយោជន៍ស្រ្តីនៅក្នុងវិស័យកាត់ដេរតែងទទួលបានភាពកក់ក្តៅពីសំណាក់ប្រមុខរាជរដ្ឋាភិបាល។  ជាក់ស្តែង សម្តេចធិបតី តែងចុះសួរសុខទុក្ខបងប្អូនកម្មករនិយោជិត និងបង្ហាញពីភាពកក់ក្តៅចំពោះពលករទាំងស្រ្តី និងបុរសជានិច្ច។ ជាពិសេសស្រ្តីមានផ្ទៃពោះត្រូវបានទទួលបានការឧបត្ថម្ភពីសម្តេចផ្ទាល់មកទល់បច្ចុប្បន្នផងដែរ។

ទន្ទឹមនឹងនេះ ប្រធានសហជីពបានគូសបញ្ជាក់ថា សិទ្ធិស្ត្រីនៅក្នុងវិស័យការងារត្រូវបានបន្តពពង្រឹង នៅក្នុងអាណត្តិទី៧នៃរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី៕

To Top