ព័ត៌មានជាតិ

លោក ប៉ែន បូណា៖ ចលនា KDM របស់លោកស្រី មូរ សុខហួរ មានតែឈ្មោះ ដើម្បីប្រមូលលុយទុកចាយវាយ

ភ្នំពេញ ៖ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានថ្លែងថា ចលនាខ្មែរដើម្បីប្រជាធិបតេយ្យ(KDM) ដែលដឹកនាំដោយលោកស្រីមូរ សុខហួរមានមូលដ្ឋាននៅលើទឹកដីបរទេស គឺជាចលនាមួយមានតែឈ្មោះប៉ុណ្ណោះ ដើម្បីប្រមូលពីអ្នកចូលរួមឲ្យ ទៅថ្នាក់ដឹកនាំប៉ុន្មាននាក់ ប៉ុន្តែគ្មានឥទ្ធិពលនយោបាយអ្វីមកលើកម្ពុជានោះទេ ។

ការលើកឡើងរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាលនេះ ដើម្បីឆ្លើយតបទៅនឹងចលនាខ្មែរ ដើម្បីប្រជាធិបតេយ្យ(KDM) ដែលដឹកនាំដោយលោកស្រីមូរ សុខហួរ នឹងប្រកាសប្រារព្ធខួបមួយឆ្នាំនៅទីក្រុងឡង់ប៊ិច សហរដ្ឋអាមេរិក នាថ្ងៃ៣០ មីនាខាងមុខ ដើម្បីបង្ហាញពីសមិទ្ធផលការងារដែល សម្រេចបានក្នុងរយៈពេល១ឆ្នាំកន្លងមក និងលើកទិសដៅសម្រាប់ឆ្នាំ២០២៥។ ក្នុងដំណើរការអស់រយៈពេល១ឆ្នាំមកនេះ បើតាមក្រុមប្រឆាំងដែលជា អ្នកគាំទ្រចលនានេះបានអះអាងថា KDM ទទួលបានជោគជ័យយ៉ាងខ្លាំងក្នុងការដឹកនាំធ្វើបាតុកម្ម នៅតាមបណ្តាប្រទេសមួយចំនួន ដើម្បីប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជា ដូចជាការទាមទារឲ្យដកខេត្ត៤របស់កម្ពុជាចេញពី គម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV-DTA) កាលពីពេលកន្លងមក ។

លោក ប៉ែន បូណា បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាថ្ងៃ៦ មីនា ថា ចលនា KDMនេះ គឺជាចលនាមួយដែលគ្មានធនធានមនុស្ស ហើយមានតែឈ្មោះប៉ុណ្ណោះ ព្រោះគ្មានអ្នកណាគាំទ្រទៀតទេ ក្រៅពីលោកស្រី មូរ សុខហួរ និងអ្នកដឹកនាំ២ទៅ៣នាក់ទេសម្រាប់ធ្វើសកម្មភាពនានា ដើម្បីគៀគររកថវិកា ។

លោកគូសបញ្ជាក់ថា “ចលនានេះមិនមែនជាកម្លាំងនយោបាយអីទេ មានតែឈ្មោះបង្កើតឡើងដើម្បីប្រមូលលុយទុកឲ្យក្រុមដឹកនាំប៉ុន្មាននាក់ហ្នឹង បានចាយ ។ បោកលុយពីប្រជាពលរដ្ឋយើង ដែលនៅជឿតាមក្រុមប្រឆាំងមួយចំនួន ប៉ុន្តែឥឡូវសូម្បីតែលុយក៏ប្រមូលអត់បានដែរ ពីព្រោះអត់មានអ្នកគាំទ្រទៀតទេ” ។

ជាក់ស្តែងលោកថា ករណីអះអាងពីការធ្វើមហាបាតុកម្មនៅកូរ៉េខាងត្បូង ដើម្បីដាក់សម្ពាធលើរាជរដ្ឋាភិបាលកម្ពុជាឲ្យធ្វើតាមខ្លួនដោយថាមានអ្នកចូលរួមជាច្រើនពាន់នាក់នោះ ការពិតមានតែត្រឹមជាង២០០នាក់ទេ ដែលនេះសបញ្ជាក់ថា អ្នកគាំទ្ររបស់ក្រុមប្រឆាំងនៅកូរ៉េជាង៩៩ភាគរយអស់ជំនឿលើមេក្រុមឧទ្ទាមក្រៅច្បាប់ហើយ។

លោក ប៉ែន បូណា បន្ថែមថា ដូច្នេះចលនាKDMនេះ បៀបបានទៅនឹងចង្កៀងអស់ប្រេង ជិតនឹងរលត់ភ្លើងទៅហើយ ៕

To Top