ព័ត៌មានជាតិ

សម្ដេចតេជោ​ ​ផ្ដាំផ្ញេីថា​ ជំងឺកូវីដ-១៩ គឺជាជំងឺរាត្បាត ដ៏កាចសាហាវ​ មកទល់ពេលនេះ​ គ្មានថ្នាំព្យាបាលឡើយ

ភ្នំពេញ​ ៖​ សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ បានផ្ដាំផ្ញេីថា​ ត្រូវតែមានការប្រុងប្រយ័ត្ន​ ចំពោះសុវត្ថិភាព​សុខភាពជាប្រចាំ ហើយចងចាំគ្រប់ពេលថា ជំងឺកូវីដ-១៩ គឺជាជំងឺរាត្បាតដ៏កាចសាហាវបំផុត ជាពិសេស​ មកទល់ពេលនេះ គ្មានថ្នាំលេប​ ឬចាក់​ ព្យាបាល​ នៅឡើយទេ។

សម្ដេចតេជោ​ ហ៊ុន​ សែន​ បានសរសេរ​ នៅលេីបណ្ដាញសង្គម​ ហ្វេសប៊ុក​ នារសៀល​ថ្ងៃ​ទី​១៩​ ខែមេសា​ ឆ្នាំ​២០២០ថា​ 

ទោះបីពេលនេះ កម្ពុជាគ្មានការដាក់បម្រាម​ ហាមឃាត់តឹងតែង​ ក្នុងការធ្វើដំណើរពីខេត្តមួយទៅកាន់ខេត្តមួយក្តី​ ប្រជាពលរដ្ឋ​ មានត្រូវប្រុងប្រយ័ត្ន​ គ្រប់ពេលវេលា។ 

សម្ដេចតេជោ​ មានប្រសាសន៍​ថា​ “បងប្អូនប្រជាពលរដ្ឋត្រូវតែមានការប្រុងប្រយ័ត្ន យកចិត្តទុកដាក់ចំពោះសុវត្ថិភាពសុខភាពជាប្រចាំ ហើយត្រូវចងចាំគ្រប់ពេលថា ជំងឺឆ្លងកូវីដ-១៩ គឺជាជំងឺឆ្លងរាត្បាតដ៏កាចសាហាវបំផុត ដែលក្នុងតែមួយប៉ព្រិចភ្នែកប៉ុណ្ណោះ វាអាចបង្កវិនាសកម្មបានយ៉ាងឆាប់រហ័សបំផុត មកទល់ពេលនេះ គ្មានថ្នាំលេប ឬចាក់ព្យាបាលនៅឡើយទេ”។ 

សម្ដេចតេជោ​ ណែនាំ​ ថា​ប្រជាពលរដ្ឋយកជាប់ជាមួយនូវម៉ាស​ ទឹកអាល់កុល ឬជិលសម្លាប់មេរោគ​ និងបាក់តេរី ហើយឧស្សាហ៍ដុសលាងសម្អាតដៃជាប្រចាំ។ស​ម្ដេចថា​ សូមកុំឲ្យមានការសោកស្តាយធ្លាក់មកលើខ្លួន​ និងក្រុមគ្រួសារអោយសោះ ដោយសារតែការធ្វេសប្រហែស និងមើលស្រាល ជំងឺឆ្លងកូវីដ-១៩។ 

សម្ដេចតេជោ​ បន្ថែមថា​ “យើងចូលរួមទប់ស្កាត់ការឆ្លងរាលដាលមេរោគកូវីដ-១៩ ដោយស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល”។ 

សូមរំលឹកថា​ គិតត្រឹម​ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០ ក្រសួងសុខាភិបាល កម្ពុជា​ បានបញ្ជាក់ថា​អ្នកឆ្លងជំងឺកូវីដ១៩ នៅកម្ពុជា​ បានជាសះស្បើយកើនឡើង រហូតដល់១០៥នាក់​ ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដធ្លាក់ចុះ មកត្រឹមចំនួន១៧នាក់ នៃអ្នកឆ្លងសរុប១២២នាក់៕

ដោយ​  អេង​  ប៊ូឆេង​

To Top