កំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ៧ ខែមិនា ឆ្នាំ២០២៥ បានប្រារព្ធពិធីអបអរសាទរខួបអូសវរីយ៍លើកទី ១១៤ នៃទិវាអន្តរជាតិនារី ៨មីនា ក្រោមប្រធានបទ សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រី និងក្មងស្រីគ្រប់រូប ក្រោមអធិបតីភាព លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និង លោក អ៊ុន ចាន់ដា អភិបាលខេត្ត និង លោកស្រី ញូង ចរិយា ប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីអភិវឌ្ឍ សាខាខេត្តកំពង់ចាម ។
អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ក្នុងឱកាសនោះថា គិតមកដល់ពេលនេះ ជ័យជម្នះនៃការតស៊ូរបស់ស្ត្រីក្នុងការរំដោះខ្លួន ចេញពីការរើសអើងនៅក្នុងសង្គមមានរយៈពេល ១១៤ឆ្នាំមកហើយ ដែលស្ទើរគ្រប់ប្រទេសនៅលើសកលលោក បានប្រារព្ធខួបអបអរសាទររំឭកឡើងវិញនូវជ័យជម្នះនេះ ការរំឭកអំពីការតស៊ូ និងជ័យជម្នះនេះ បានក្លាយទៅជា ” ទិវាអន្ដរជាតិនារី” នៅលើសកលលោក ដែលត្រូវបានកំណត់យកថ្ងៃ ៨មីនា ជាថ្ងៃរំឭកនៃការតស៊ូនេះ ហើយដែលប្រទេសកម្ពុជាយើងទម្លាប់ហៅថា “ទិវាសិទ្ធិនារី”។ ប៉ុន្តទោះជាយ៉ាងណា ចាប់ពីក្រោយថ្ងៃរំដោះ៧មករា ប្រទេសកម្ពុជាបានចូលរួមអបអរសាទរខួបអនុស្សាវរីយ៍នេះ ជារៀងរាល់ឆ្នាំ ហើយតែងតែលើកយកប្រធានបទផ្សេងៗទាក់ទងនឹងស្ត្រី សម្រាប់ពិភាក្សានៅក្នុងឱកាសប្រារព្ធខួបនេះ។
សម្រា់ឆ្នាំនេះ ទិវាអន្តរជាតិនារី៨មីនានៅប្រទេសកម្ពុជា ត្រូវបានរៀបចំឡើងក្រោមប្រធានបទស្ដីពី «សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប សម្រាប់ជាគោលគំនិតក្នុងការពិភាក្សា និងជួយពង្រឹង ការអប់រំចំពោះយុវវ័យនៅក្នុងសង្គម ក៏ដូចជាដើម្បីដាស់តឿន និងកែលម្អឥរិយាបថរបស់យុវវ័យ ។
លោកអភិបាលខេត្តបានថ្លែងទៀតថា កម្ពុជា គឺជាប្រទេសមួយដែលចាត់ទុកនារីជាមាត នៃប្រទេសជាតិតាំងពីយូរលង់ណាស់មកហើយ ដូចដែលយើងតែងតែបានឮនូវពាក្យថា «មាតុភូមិ ឬមាតុប្រទេសកម្ពុជា» ជាដើមដែលមានន័យថា «ស្រ្តីជាមាតានៃប្រទេសជាតិ ហើយបច្ចុប្បន្ន យើងនៅតែទទួលស្គាល់ថា ស្រ្តីមានតួនាទីយ៉ាងសំខាន់ក្នុងការដឹកនាំ និងអប់រំ ដូចសុភាសិតខ្មែរយើងនិយាយថា “ស៊ូស្លាប់បាកុំឱ្យស្លាប់ម” ដែលនេះជាការបង្ហាញថា វត្តមានរបស់ម្ដាយផ្តល់នូវភាពកក់ក្ដៅដល់កូនៗ និងគ្រួសារទាំងមូល ៕


