Covid-19

អាមេរិកប្រកាសជំនួយជិត ២០ពាន់លានដុល្លារ សម្រាប់កសិករ និងការទិញចំណីអាហារ សម្រាប់អ្នកក្រីក្រ ក្នុងរដូវកូវីដ១៩

បរទេស៖ ប្រធានាធិបតីសហរដ្ឋអាមេរិក នៅពេលថ្មីៗនេះ បានធ្វើការប្រកាសកម្មវិធី ជួយសម្រាលភាពលំបាក មានទឹកប្រាក់ចំនួន ១៩ពាន់លានដុល្លារ ដើម្បីជួយដល់កសិករអាមេរិក ដោះស្រាយផលប៉ះពាល់ពីវីរុសកូរ៉ូណា ដោយរួមមានប្រាក់ចំនួន ១៦ពាន់លានដុល្លារ បង់ឲ្យដោយផ្ទាល់ដល់អ្នកផលិត និងការទិញសាច់ ទឹកដោះ បន្លែ និងផលិតផ្សេងៗទៀត។

នៅក្នុងសន្និសីទមួយនៅសេតវិមាន រដ្ឋមន្ត្រីកសិកម្មសហរដ្ឋអាមេរិក លោក Sonny Perdue បាននិយាយថា “កសិកម្មសហរដ្ឋអាមេរិក បានទទួលរងផលប៉ះពាល់ជាខ្លាំង ដូចទៅនឹងអាមេរិកភាគច្រើន ដោយសារវីរុសកូរ៉ូណា ហើយលោកប្រធានាធិបតី ត្រាំ កំពុងតែនៅជាមួយកសិករ និងប្រជាជនអាមេរិកទាំងអស់ ដើម្បីធានាថា យើងទាំងអស់គ្នាឆ្លងផុត ភាពអាសន្នថ្នាក់ជាតិនេះ”។

គួរបញ្ជាក់ថា ក្រសួងកសិកម្មសហរដ្ឋអាមេរិក កំពុងតែចងជាដៃគូ ជាមួយអ្នកចែកចាយក្នុងស្រុក ដើម្បីទិញទំនិញកសិកម្មបែបនោះ ឲ្យយកទៅឃ្លាំងចំណីអាហារ ព្រះវិហារនិងក្រុមផ្តល់ជំនួយនានា ស្របពេលប្រជាជនអាមេរិករាប់លាននាក់ ប្រឈមមុខនឹងនិកម្មភាព ដោយសារតែសេដ្ឋកិច្ច ជាច្រើនត្រូវបានបិទទ្វារ ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top