ព័ត៌មានអន្តរជាតិ

ជប៉ុន មានទំនុកចិត្ត​ពេញ​លេញ​លើ​អាមេរិក បន្ទាប់​ពី​លោក ត្រាំ ចោទ​សួរលើ​កិច្ច​សន្យា​សន្តិសុខ

kyodo

តូក្យូ៖ ប្រទេសជប៉ុន បានសម្តែងនូវ “ទំនុកចិត្តពេញលេញ” របស់ខ្លួនថា សហរដ្ឋអាមេរិកនឹងបំពេញកាតព្វកិច្ចរបស់ខ្លួន ក្រោមសន្ធិសញ្ញាសន្តិសុខទ្វេភាគី ដើម្បីការពារប្រជាជាតិអាស៊ីមួយនេះ បន្ទាប់ពីលោកប្រធានាធិបតីអាមេរិក ដូណាល់   ត្រាំ បានចោទសួរសន្ធិសញ្ញា ដោយហៅវាថា មិនមែនទៅវិញទៅមក។

លោក Yoshimasa Hayashi ប្រធានលេខាធិការខុទ្ទកាល័យបានឲ្យដឹងថា ប្រទេសជប៉ុន ដែលមើលឃើញថា សម្ព័ន្ធភាពជាស្នូលនៃវិស័យការពារជាតិ និងការទូតរបស់ខ្លួន ក៏នឹងពិចារណាយ៉ាងសកម្មនូវមធ្យោបាយ ដើម្បីពង្រឹងការរារាំង និងសមត្ថភាពឆ្លើយតបរបស់សម្ព័ន្ធមិត្ត និងរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក។

ការអត្ថាធិប្បាយនេះបានធ្វើឡើងបន្ទាប់ពីលោក ត្រាំ នៅក្នុងសុន្ទរកថាដំបូងរបស់លោក នៅលើកតិកាសញ្ញាចាប់តាំងពី ការវិលត្រឡប់ទៅកាន់សេតវិមានក្នុងខែមករា បានប្រាប់អ្នកយកព័ត៌មានថា “ខ្ញុំស្រឡាញ់ប្រទេសជប៉ុន។ យើងមានទំនាក់ទំនងដ៏អស្ចារ្យជាមួយប្រទេសជប៉ុន ប៉ុន្តែយើងមានកិច្ចព្រមព្រៀងគួរឱ្យ ចាប់អារម្មណ៍ជាមួយប្រទេសជប៉ុន ដែលយើងត្រូវការពារពួកគេ ប៉ុន្តែពួកគេមិនចាំបាច់ការពារយើងនោះទេ” ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសជប៉ុន និងសហរដ្ឋអាមេរិក បាននឹងកំពុងបង្កើនកិច្ចសហប្រតិបត្តិការ អន្តរកម្មនៃកងកម្លាំងស្វ័យការពារ និងយោធាសហរដ្ឋអាមេរិក ដើម្បីប្រឈមមុខនឹងការគំរាមកំហែងផ្នែកសន្តិសុខកាន់តែខ្លាំងឡើងពីកូរ៉េខាងជើង និងចិន។

លោក Hayashi បានលើកឡើងថា ប្រជាជាតិទាំងពីរឥឡូវនេះអាច “ជួយគ្នាទៅវិញទៅមកដោយរលូន” ក្នុងការឆ្លើយតបទៅនឹងស្ថានភាពផ្សេងៗ បន្ទាប់ពីការផ្លាស់ប្តូរផ្លូវច្បាប់ ដែលអនុញ្ញាតឱ្យប្រទេសជប៉ុន ដែលរដ្ឋធម្មនុញ្ញរបស់ពួកគេ បានបោះបង់ចោលសង្រ្គាម ដើម្បីអនុវត្តសិទ្ធិការពារស្វ័យការពារ ជាសមូហភាពនៅពេលដែល លក្ខខណ្ឌមួយចំនួនត្រូវបានបំពេញ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top