វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានត្អូញត្អែរថា សន្ធិសញ្ញាសន្តិសុខដែលមានអាយុកាលរាប់ទសវត្សរ៍ របស់ប្រទេសរបស់លោកជាមួយប្រទេសជប៉ុន គឺមិនមានការតបស្នងទៅវិញទៅមកទេ ខណៈដែលលោកបង្កើនសម្ពាធលើសម្ព័ន្ធមិត្ត ឱ្យបង្កើនការចំណាយលើវិស័យការពារជាតិ និងទិញផលិតផលអាមេរិកបន្ថែមទៀត។
ពេលកំពុងនិយាយទៅកាន់ អ្នកសារព័ត៌មាននៅក្នុងការិយាល័យ Oval លោក ត្រាំ បានលើកឡើងថា “ខ្ញុំស្រឡាញ់ប្រទេសជប៉ុន។ យើងមានទំនាក់ទំនងល្អជាមួយប្រទេសជប៉ុន ប៉ុន្តែយើងមានកិច្ចព្រមព្រៀងគួរឱ្យចាប់អារម្មណ៍ ជាមួយប្រទេសជប៉ុន ដែលយើងត្រូវការពារពួកគេ ប៉ុន្តែពួកគេមិនចាំបាច់ការពារយើងនោះទេ” ។
លោកបានបន្ដថា “នោះជារបៀបដែលកិច្ចព្រមព្រៀងនេះត្រូវបានធ្វើឡើង ហើយដោយវិធីនេះ ពួកគេរកប្រាក់ចំណេញជាមួយយើងខាងសេដ្ឋកិច្ច”។ “ខ្ញុំពិតជាចង់សួរថាអ្នកណាជា អ្នកបង្កើតកិច្ចព្រមព្រៀងទាំងនេះ?”។
ការលើកឡើងរបស់លោក ត្រាំ ចំពោះប្រទេសជប៉ុនបានកើតឡើង ខណៈពេលដែលលោក កំពុងចោទប្រកាន់បណ្តាប្រទេសអ៊ឺរ៉ុបថា “កាត់ផ្តាច់” សហរដ្ឋអាមេរិក ក្នុងពាណិជ្ជកម្ម ខណៈពេលដែលមិនបានបង់ប្រាក់គ្រប់គ្រាន់ សម្រាប់សន្តិសុខជាតិរបស់ពួកគេ ៕
ប្រែសម្រួល ឈូក បូរ៉ា
