ព័ត៌មានអន្តរជាតិ

ម៉ិកស៊ិក កំពុងចរចា​ជាមួយ​អាមេរិក ដើម្បី​បញ្ចៀស​ការ​យក​ពន្ធ​លើ​ដែកថែប និងអាលុយមីញ៉ូម

afp

ម៉ិកស៊ិក៖ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចលោក Marcelo Ebrard បានឲ្យដឹងថា ប្រទេសម៉ិកស៊ិក កំពុងចរចាជាមួយសហរដ្ឋអាមេរិក ដើម្បីបញ្ចៀសការយកពន្ធ ២៥ភាគរយលើការនាំចេញដែកថែប និងអាលុយមីញ៉ូមរបស់ខ្លួន ដែលគ្រោងនឹងចូលជាធរមាននៅថ្ងៃពុធ។

លោក Ebrard បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃនៅវិមានជាតិរបស់ប្រទេសម៉ិកស៊ិកថា “យើងត្រូវឈានដល់កិច្ចព្រមព្រៀងមួយស្តីពីដែកថែប និងអាលុយមីញ៉ូម” ​​។

លោកបានប្រកែកថា ម៉ិកស៊ិកបាននាំចូលដែកថែប និងអាលុយមីញ៉ូមរបស់អាមេរិកច្រើនជាងការនាំចេញ ដែលធ្វើឲ្យពន្ធដែលបានស្នើឡើងមិនសមហេតុផល នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិកាលពីថ្ងៃទី១០ ខែកុម្ភៈ ដើម្បីដាក់ពន្ធ ២៥ភាគរយលើការនាំចូលដែក និងអាលុយមីញ៉ូមទាំងអស់ ដោយលើកឡើងពីឱនភាពពាណិជ្ជកម្មក្នុងវិស័យនេះ។ 

ទោះជាយ៉ាងណាក៏ដោយ មន្ត្រីម៉ិកស៊ិក បានរុញច្រានមកវិញ ដោយលើកហេតុផលថា សហរដ្ឋអាមេរិក បានកត់ត្រាអតិរេកចំនួន ៦.៩ ពាន់លានដុល្លារអាមេរិក នៅក្នុងពាណិជ្ជកម្មដែក និងអាលុយមីញ៉ូមជាមួយម៉ិកស៊ិកក្នុងឆ្នាំ២០២៤។

កាលពីថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីម៉ិកស៊ិកលោកស្រី Claudia Sheinbaum និងលោក ត្រាំ បានយល់ព្រមពន្យារពេលជាបណ្តោះអាសន្ននូវពន្ធទូលំទូលាយលើផលិតផលម៉ិកស៊ិករហូតដល់ថ្ងៃទី០២ ខែមេសា។ ប្រធានាធិបតីអាមេរិក បានភ្ជាប់ពន្ធដែលមានសក្តានុពលទៅនឹងការព្រួយបារម្ភលើការធ្វើចំណាកស្រុកមិនទៀងទាត់ និងការជួញដូរសារធាតុ fentanyl ។

លោល Ebrard បានកត់សម្គាល់ថាការព្យួរពន្ធអនុវត្តចំពោះការនាំចេញម៉ិកស៊ិក ដែលគោរពតាមកិច្ចព្រមព្រៀងសហរដ្ឋអាមេរិក-ម៉ិកស៊ិក-កាណាដា ដែលគ្របដណ្តប់ជាងពាក់កណ្តាលនៃពាណិជ្ជកម្មទ្វេភាគី៕

ប្រែសម្រួល ឈូក បូរ៉ា

To Top