ព័ត៌មានជាតិ

សម្ដេចធិបតី៖ គោលនយោបាយ រាជរដ្ឋាភិបាលមុនសម្រាលកូន គឺឧបត្ថម្ភចំនួន ៤ដង សម្រាប់កម្មករនិយោជិត ស្ត្រីមានផ្ទៃពោះ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា គោលនយោបាយរបស់រាជរដ្ឋាភិបាលមុនសម្រាលកូន គឺឧបត្ថម្ភចំនួន ៤ដង សម្រាប់អាហារូបត្ថម្ភដល់ស្ដ្រីជាកម្មករនិយោជិត ដែលមានផ្ទះពោះ ដើម្បីធ្វើយ៉ាងណាឱ្យកូន និងម្ដាយមានសុខភាពល្អ។

នាឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ទារកដ្ឋានរោងចក្រកាត់ដេរម៉ាវ៉ល ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា កម្មករនិយោជិត ទទួលបានប្រាក់ឈ្នួលអប្បបរមា ២០៨ដុល្លារអាមេរិក, ប្រាក់ឈ្នួលខ្ពស់បំផុត ៧០០ដុល្លារ, ប្រាក់ឈ្នួលមធ្យម ៤៣០ដុល្លារ និងប្រាក់ឈ្នួលទាបបំផុត ២៥៤ដុល្លារ។

សម្តេចធិបតី បន្ដថា កម្មករ និយោជិត ក៏ទទួលបានប្រាក់អត្ថប្រយោជន៍ផ្សេងៗ ដូចជា ប្រាក់រង្វាន់ធ្វើការទៀងទាត់ចំនួន ១៦ដុល្លារ, ប្រាក់សោហ៊ុយធ្វើដំណើរចំនួន ១៩ដុល្លារ, ប្រាក់រង្វាន់អតីតភាពការងារពី ២ដុល្លារ ទៅ ១១ដុល្លារក្នុងមួយខែ, ឧបត្ថម្ភប្រាក់ចំនួន ៥ដុល្លារក្នុងមួយខែក្នុងទារកម្នាក់ រហូតដល់អាយុ ៣៦ខែ (សម្រាប់អ្នកដែលមិនយកកូនមកដាក់ក្នុងទារកដ្ឋាន)។

សម្ដេចធិបតី មានប្រសាសន៍ថា «គោលនយោបាយរបស់រាជរដ្ឋាភិបាលមុនកើត គឺឧបត្ថម្ភ ៤ដង សម្រាប់អាហារូបត្ថម្ភ ឱ្យកូនមានសុខភាព ហើយឆែកសុខភាពតាម ប ស ស។ នៅពេលសម្រាលកូន១ បាន ៨០ម៉ឺនរៀល, កូន២ បាន ១លាន ២សែនរៀន, កូន៣ បាន ១លាន ៦សែនរៀន ហើយថែម ៥លានរៀលទៀតរបស់ សម្ដេចតេជោ»។

លើសពីនេះ សម្ដេច នាយករដ្ឋមន្ដ្រី បានឱ្យដឹងទៀតថា គោលនយោបាយជួយឧបត្ថម្ភដល់ស្រ្តីមានផ្ទៃពោះ រហូតដល់មានកូន គឺជានយោបាយរបស់ សម្តេចតេជោ ហើយបន្តរហូតដល់រាជរដ្ឋាភិបាលថ្មី អាណត្តិទី៧ គឺជានយោបាយដ៏ល្អជួយដល់ស្រ្តី។ សម្ដេច ថា រាជរដ្ឋាភិបាល បន្តគោលនយោបាយអត្ថប្រយោជន៍ដល់ស្រ្តីមានផ្ទៃពោះ និងមានកូនរហូតដល់ ២ឆ្នាំ៕

To Top