ព័ត៌មានជាតិ

លទ្ធផលកិច្ចប្រជុំ​ គ.ជ.ប​ ស្តីពី​ ការពិនិត្យ និងសម្រេចលេីការជ្រើសរើស​មន្រ្តីកិច្ចសន្យារយៈពេលខ្លី សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥

ភ្នំពេញ៖​ យោងតាមសេចក្តីប្រកាសព័ត៌មាន​ ស្តីពី​លទ្ធផលនៃកិច្ចប្រជុំរបស់គណៈកម្មាធិការជាតិ​ រៀបចំការបោះឆ្នោត​ នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥​ បានឱ្យដឹងថា​ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីពិនិត្យ និងសម្រេចលើកំណត់ហេតុ​ នៃកិច្ចប្រជុំរបស់
គ.ជ.ប ឯកសារពាក់ព័ន្ធនឹងការប្រឡងជ្រើសរើស​ សមាសភាពក្រុមចុះឈ្មោះបោះឆ្នោត ដែលជាមន្រ្តីកិច្ចសន្យារយៈពេលខ្លី និងសៀវភៅណែនាំ ព្រមទាំងឯកសារជំនួយស្មារតី សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥។

ក្រោយពីបានស្តាប់របាយការណ៍របស់អង្គភាពជំនាញ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប រួចមក អង្គប្រជុំ គ.ជ.ប បានពិនិត្យ និងពិភាក្សាលើឯកសារ​ តាមរបៀបវារៈនីមួយៗរួចហើយ អង្គប្រជុំ គ.ជ.ប បានពិភាក្សាគ្នា និងបានកែសម្រួលលើចំណុចនីមួយៗ​ នៃឯកសារទាំងនោះ បន្ទាប់មកអង្គប្រជុំ   
គ.ជ.ប បានឯកភាពដូចខាងក្រោម៖ 

 របៀបវារៈទី១៖ បានសម្រេចលើកំណត់ហេតុនៃកិច្ចប្រជុំរបស់ គ.ជ.ប ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥។

. របៀបវារៈទី២៖ បានសម្រេចលើឯកសារពាក់ព័ន្ធនឹងការប្រឡងជ្រើសរើសសមាសភាព ក្រុមចុះឈ្មោះបោះឆ្នោត (ក.ច.ប) ចំនួន ៤.១០៤ រូប ដែលជាមន្រ្តីកិច្ចសន្យារយៈពេលខ្លី ដើម្បីឱ្យបម្រើការងារតាមឃុំ សង្កាត់ សរុបចំនួន ១.៦៥២ នៃរាជធានី ខេត្ត ទាំង២៥ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ មានដូចខាងក្រោម៖

– សេចក្តីជូនដំណឹងស្តីពីការជ្រើសរើស សម្រាប់ផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយ

– សេចក្តីជូនដំណឹងស្តីពីលក្ខខណ្ឌនៃការជ្រើសរើស

– តារាងឈ្មោះឃុំ សង្កាត់ នៃរាជធានី ខេត្ត ដែលត្រូវជ្រើសរើសសមាជិក ក.ច.ប បន្ថែមចំនួន ២ រូប

– សេចក្តីណែនាំស្តីពីនីតិវិធីនៃការប្រឡង QCM និងធ្វើតេស្តកុំព្យូទ័រ

– សេចក្តីសម្រេចស្តីពីការបង្កើតគណៈកម្មការជ្រើសរើសថ្នាក់ជាតិ

– សេចក្តីសម្រេចស្តីពីការបង្កើតអនុគណៈកម្មការសម្របសម្រួល និងត្រួតពិនិត្យ

– សេចក្តីសម្រេចស្តីពីការបង្កើតអនុគណៈកម្មការជ្រើសរើសថ្នាក់រាជធានី ខេត្ត

– សេចក្តីសម្រេចស្តីពីការបង្កើតអនុគណៈកម្មការកំណែ

– សេចក្តីសម្រេចស្តីពីការបង្កើតអនុគណៈកម្មការចែកពាក្យ ទទួលពាក្យ និងរៀបចំការប្រឡងតាមក្រុង ស្រុក ខណ្ឌ

– បទបញ្ជាផ្ទៃក្នុងសម្រាប់ការប្រឡង

– លិខិតជម្រាបជូនប្រធានលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត អំពីការប្រឡងជ្រើសរើសសមាសភាពក្រុមចុះឈ្មោះបោះឆ្នោត

– លិខិតជម្រាបជូនប្រធានលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត និងប្រធានក្រុមប្រឹក្សាឃុំ សង្កាត់ ស្តីពីការស្នើសុំតែងតាំងស្មៀនឃុំ សង្កាត់ ជាអនុប្រធានក្រុមចុះឈ្មោះបោះឆ្នោត

– ប្រតិទិននៃការប្រឡងជ្រើសរើសសមាសភាពក្រុមចុះឈ្មោះបោះឆ្នោត សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥។ យោងតាមប្រតិទិននៃការប្រឡងក្រុមចុះឈ្មោះបោះឆ្នោត ចំនួន ៤.១០៤ រូប ដែលជាមន្ត្រីកិច្ចសន្យារយៈពេលខ្លី នឹងត្រូវធ្វើការប្រកាសជ្រើសរើសតាមរយៈការប្រឡង ក្នុងអំឡុងខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ។

. របៀបវារៈទី៣៖ បានសម្រេចលើសៀវភៅ និងឯកសារសម្រាប់ប្រើប្រាស់ រួមមាន៖

– សៀវភៅណែនាំសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ ដែលមានចំនួន ៧៨ ទំព័រ

– ឯកសារជំនួយស្មារតី​ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ ដែលមាន ១២ ឧបសម្ព័ន្ធ សរុបចំនួន ៥៥ ទំព័រ៕

To Top