ហ្គាហ្សា៖ ក្រុមហាម៉ាស់ បានរំលឹកឡើងវិញពីតម្រូវការ ដើម្បីចាប់ផ្តើមដំណាក់កាលទីពីរនៃការចរចាបទឈប់បាញ់នៅតំបន់ហ្គាហ្សា និងអនុញ្ញាតឱ្យការផ្គត់ផ្គង់ជំនួយចូលទៅក្នុងតំបន់ហ្គាហ្សា នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ក្រុមហាម៉ាស់ បានឲ្យដឹងនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា គណៈប្រតិភូមកពីថ្នាក់ដឹកនាំក្រុមហាម៉ាស់ បានជួបជាមួយភាគីអេហ្ស៊ីបនៅទីក្រុងគែរ ជាកន្លែងដែលបញ្ហាត្រូវបានពិភាក្សា “ក្នុងស្មារតីវិជ្ជមាន និងការទទួលខុសត្រូវ” ជាពិសេសការអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់ និងការដោះដូរអ្នកទោសក្នុងដំណាក់កាលផ្សេងៗ។
សេចក្តីថ្លែងការណ៍បានឲ្យដឹងថា គណៈប្រតិភូបានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការប្រកាន់ខ្ជាប់នូវលក្ខខណ្ឌនៃកិច្ចព្រមព្រៀង ហើយបានអំពាវនាវឱ្យចាប់ផ្តើមភ្លាមៗនៃការចរចារដំណាក់កាលទីពីរ ការបើកច្រកព្រំដែនឡើងវិញ និងការបញ្ចូលជំនួយដែលមិនមានការរឹតបន្តឹងទៅកាន់តំបន់ហ្គាហ្សា។
កិច្ចព្រមព្រៀងបទឈប់បាញ់នៅហ្គាហ្សាបីដំណាក់កាលរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ដែលសម្របសម្រួលដោយអេហ្ស៊ីប កាតា និងសហរដ្ឋអាមេរិកបានចូលជាធរមាននៅថ្ងៃទី ១៩ ខែមករា។ ទោះជាយ៉ាងណាក៏ដោយ ការចរចាសម្រាប់ដំណាក់កាលទីពីរនៅតែជាប់គាំងបន្ទាប់ពីដំណាក់កាលដំបូងរយៈពេល ៤២ ថ្ងៃបានផុតកំណត់នៅថ្ងៃទី ១ ខែមីនា។
អេហ្ស៊ីបបានបង្កើនកិច្ចខិតខំប្រឹងប្រែងការទូតដើម្បីសម្រេចបានបទឈប់បាញ់យូរអង្វែង និងជំរុញការកសាងឡើងវិញនូវតំបន់ហ្គាហ្សា។ កាលពីថ្ងៃអង្គារ ប្រទេសអេហ្ស៊ីបបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអារ៉ាប់ជាបន្ទាន់មួយ ហើយបានស្នើគម្រោងការកសាងឡើងវិញតម្លៃ ៥៣ពាន់លានដុល្លារ សម្រាប់តំបន់ហ្គាហ្សា ដោយមិនមានការជម្លៀសប្រជាជនរបស់ខ្លួនឡើយ។
គួរបញ្ជាក់ថា នៅដើមខែមីនា អ៊ីស្រាអែល បានប្រកាសពីការសម្រេចចិត្តមួយ ដើម្បី “ទប់ស្កាត់រាល់ការចូលនៃទំនិញ និងការផ្គត់ផ្គង់ចូលទៅក្នុងតំបន់ហ្គាហ្សា” ដើម្បីដាក់សម្ពាធក្រុមហាម៉ាស់ ឱ្យទទួលយកការបន្តនៃដំណាក់កាលទីមួយនៃកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលបានឈានដល់កាលពីក្នុងខែមករា៕
ប្រែសម្រួល ឈូក បូរ៉ា
