ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ការដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ទារកដ្ឋាននៅតាមរោងចក្រសហគ្រាស គឺជាកិច្ចការងារដែលសម្រេចបានប្រកបដោយមោទកភាពបំផុតសម្រាប់រាជរដ្ឋាភិបាលកម្ពុជាដើម្បីប្រយោជន៍កម្មករនិយោជិត។ ទន្ទឹមនឹងនេះសម្តេចធិបតីនាយករដ្ឋមន្រ្តីវាយតម្លៃខ្ពស់ និងថ្លែងការកោតសរសើរដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និយោជក រួមទាំងគ្រប់ភាគីពាក់ព័ន្ធដែលបានខិតខំប្រឹងប្រែងធ្វើឱ្យលេចចេញជារូបរាងទារកដ្ឋាននៅក្នុងរោងចក្រ នាពេលនេះផងដែរ។

ការគូសបញ្ជាក់បែបនេះ អំឡុងពេលដែលសម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រីបានជួបសំណេះសំណាលជាមួយអាណាព្យាបាលទារកនិងកុមារ ដែលជាកម្មករនិយោជិតកំពុងបំពេញការងារនៅក្នុងរោងចក្រកាត់ដេរ ម៉ាវ៉ល នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ទារកដ្ឋានរោងចក្រកាត់ដេរ ម៉ាវ៉ល ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ (Royal Group Phnom Penh SEZ) នៅក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ ។

នៅក្នុងពិធីសំណេះសំណាល សម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តីបានលើកឡើងថា ការសាងសង់ទារកដ្ឋាននេះគឺជាអនុសាសន៍១ ក្នុងចំណោមអនុសាសន៍ទាំង១០ ដែលសម្តេចធិបតីនាយករដ្ឋមន្រ្តីបានផ្តល់ជូនក្រសួងការងារ និងបណ្តុះបណ្តាលកាល កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ដើម្បីក្រសួងការងារ សហការជាមួយភាគីពាក់ព័ន្ធក្នុងការសិក្សាលទ្ធភាពបង្កើតទារកដ្ឋាន និងមត្តេយ្យសហគមន៍ នៅតាមតំបន់ប្រមូលផ្តុំរោងចក្រ។

សម្តេចធិបតីនាយករដ្ឋមន្រ្តីបានបន្ថែមថា ការដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការទារកដ្ឋានរោងចក្រកាត់ដេរ ម៉ាវ៉ល ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសនៅពេលនេះគឺជាសមិទ្ធផលមួយដ៏គាប់ប្រសើរ និងត្រូវបានប្រកាសប្រកបដោយមោទកភាពបំផុត ដែលគ្រប់ភាគីពាក់ព័ន្ធបានខិតខំប្រឹងប្រែងសាងសង់ទារកដ្ឋានសម្រាប់ជាប្រយោជន៍ដល់បងប្អូនកម្មករនិយោជិតដោយជោគជ័យ និងមានស្តង់ដាល្អសម្រាប់មើលថែទាំទារក។

សម្តេចធិបតីនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងស្ថាប័នពាក់ព័ន្ធ រួមទាំងនិយោជក នឹងសម្របសម្រួលបន្តកិច្ចការងារសាងសង់ទារកដ្ឋានសម្រាប់បងប្អូនកម្មករនិយោជិតជាបន្តបន្ទាប់។ ដែលកិច្ចការងារមួយនេះនឹងបន្តវឌ្ឍនភាពរបស់ខ្លួន នឹងដាក់ឱ្យប្រើប្រាស់ជាបន្តបន្ទាប់នៅតាមបណ្តាខេត្តនានាផងដែរ ខណៈនៅតាមបណ្តាខេត្តមួយចំនួនក៏បានសាងសង់ទារកដ្ឋានរួចរាល់ហើយដែរនាពេលកន្លងមក។

ទន្ទឹមនឹងនេះ សម្តេចមហាបវរធិបតី បានជំរុញឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងសុខាភិបាល បន្តយកចិត្តទុកដាក់លើការថែទាំសុខភាពទារកនៅក្នុងទារកដ្ឋាន បន្ទាប់ពីដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្នុងនោះក្រសួងការងារក៏ត្រូវយកចិត្តទុកដាក់ពិនិត្យមើលយន្តការ ប.ស.ស. ដើម្បីឱ្យមានការប្រើប្រាស់សេវាថែទាំសុខភាពនៅទីនេះ ដើម្បីលើកកម្ពស់សុខមាលភាពដល់កុមារតូចៗនៅក្នុងទារកដ្ឋានឱ្យកាន់តែល្អប្រសើរផងដែរ។

គួរបញ្ជាក់ផងដែរថា គោលបំណងនៃការបង្កើតទារកដ្ឋាននៅតាមសហគ្រាស គ្រឹះស្ថាន គឺដើម្បីធានាថា ទារកនិងកុមារទាំងនោះទទួលបានការថែទាំនិងអប់រំប្រកបដោយគុណភាព និងស្តង់ដាដែលជួយគាំទ្រការលូតលាស់ និងអភិវឌ្ឍផ្នែករាងកាយ ព្រមទាំងផ្នែកបញ្ញានិងស្មារតី ក៏ដូចជាផ្តល់ពេលវេលាឱ្យឪពុកម្តាយ ឬអាណាព្យាបាលដែលជាកម្មករនិយោជិតមានឱកាសធ្វើការងារដើម្បីទទួលបានប្រាក់ចំណូល៕

