កំពង់ធំ៖ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ លោកឧត្តមសេនយ៍ត្រី វ៉ា ចាន់កុសល ស្នងការងនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ និងជាប្រធានក្រុមការងារចម្រុះទីបញ្ជាការស្រាលប្រចាំបឹងទន្លេសាប ឈរជើងនៅចំណុចផាត់សណ្តាយ ព្រមទាំងសហការី និងគណកម្មការសហគមន៍នេសាទផាត់សណ្តាយ ចុះបោះរបាំងកាត់ព្រែកខ្សាច់ ស្ថិតក្នុងកន្លែងអភិរក្ស អតីតឡូត៍នេសាទលេខ២ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដើម្បីការពារការលួចចូលធ្វើនេសាទ និងឆ្លងកាត់ កុំឱ្យប៉ះពាល់ដល់ការរស់នៅរបស់ត្រីជាច្រើនប្រភេទ។

លោកឧត្តមសេនយ៍ត្រី វ៉ា ចាន់កុសល បានបញ្ជាក់ទៀតថា នៅកន្លែងអភិរក្សអតីតឡូត៍នេសាទលេខ២ ឃុំផាត់សណ្តាយ មានត្រីច្រើនប្រភេទដែលរស់នៅ ហើយត្រីដែលសំបូរគឺរយៈពេល២ឆ្នាំចុងក្រោយនេះ ដើម្បីឱ្យត្រីបានរស់នៅគង់វង្សក្រុមការងារទាំងអស់ ក៏បានចុះបោះរបាំងកាត់ព្រែកខ្សាច់កុំឱ្យបងប្អូនប្រជាពលរដ្ឋបើកកាណូតកាត់បណ្ដាលឱ្យប៉ះពាល់ដល់ការរស់នៅរបស់ត្រី។ ប្រជានេសាទទាំងអស់ត្រូវតែយកចិត្តទុកដាក់ចូលរួមការពារថែរក្សាពូជត្រីនៅបឹងទន្លេសាបនេះឱ្យបានគង់វង្ស ដើម្បីទុកឱ្យក្មេងជំនាន់ក្រោយបានស្គាល់ប្រភេទត្រីទឹកសាបបានគ្រប់ៗគ្នា។


លោកឧត្តមសេនយ៍ត្រី វ៉ា ចាន់កុសល ស្នងការងនគរបាលខេត្តកំពង់ធំ ណែនាំដល់ប្រជានេសាទទាំងអស់ មិនឱ្យនេសាទនៅក្នុងន្លែងអភិរក្ស អតីតឡូត៍នេសាទលេខ២ ដោយប្រើឧបករណ៍នេសាទដើម្បីការពារមេពូជត្រី ពេលមានភ្លៀងធ្លាក់បីបួនមេ ត្រីទាំងអស់នោះក៏បានទៅពងបង្កើតជាកូនជាច្រើន នៅក្នុងបឹងទន្លេសាប។ អត្ថបទខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប៕
ដោយ៖ សំនៀង
