ភ្នំពេញ៖ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សហការជាមួយគណៈកម្មការសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក (UN-ESCAP) បានរៀបចំសិក្ខាសាលាថ្នាក់ជាតិស្តីពី “ការត្រៀមខ្លួនរបស់កម្ពុជាសម្រាប់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត” ដោយមានការចូលរួមពីតំណាងក្រសួងស្ថាប័ន សាកលវិទ្យាល័យ និងវិស័យឯកជន ប្រមាណ២០០នាក់។

សិក្ខាសាលានេះមានគោលបំណងពង្រីកសក្តានុពលនៃបញ្ញាសិប្បនិម្មិត ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងដោះស្រាយបញ្ហាសង្គម។

ក្នុងសុន្ទរកថាបើកសិក្ខាសាលា លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានសង្កត់ធ្ងន់លើភាពចាំបាច់នៃកិច្ចសហការរវាងវិស័យឯកជន វិស័យសាធារណៈ និងតួអង្គពាក់ព័ន្ធទាំងអស់ ក្នុងការជំរុញបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតនៅកម្ពុជា ឱ្យមានលក្ខណៈបរិយាបន្ន ទំនួលខុសត្រូវ និងឆ្ពោះទៅមុខរួមគ្នា ក្នុងទិសដៅតែមួយ។

លោករដ្ឋមន្ត្រី បានលើកឡើងថា “សិក្ខាសាលាថ្នាក់ជាតិនេះមានគោលដៅតម្រង់ទិស និងលើកកម្ពស់ការប្រើប្រាស់បញ្ញាសិប្បនិម្មិត ដើម្បីជំរុញកម្ពុជាឱ្យមានផលិតភាព ប្រសិទ្ធភាពសេដ្ឋកិច្ច និងប្រសិទ្ធផល នៅគ្រប់ដំណើរអភិវឌ្ឍន៍ និងវឌ្ឍនភាពសង្គម-សេដ្ឋកិច្ច”។

ដោយសហការជាមួយអង្គការ UN-ESCAP ក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បាននិងកំពុងរៀបចំយុទ្ធសាស្ត្រជាតិស្តីពីបញ្ញាសិប្បនិម្មិត ក្រោម “គំនិតផ្តួចផ្តើមសហគមន៍អ្នកអនុវត្តសម្រាប់បញ្ញាសិប្បនិម្មិត” ដោយប្រមូលផ្តុំធាតុចូលសំខាន់ៗពីក្រុមអ្នកបច្ចេកទេស មន្ត្រីរដ្ឋាភិបាល និងតំណាងវិស័យឯកជន៕
