ភ្នំពេញ៖ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបគណៈប្រតិភូមកពីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម ជប៉ុន (METI) និងសមាគមគ្រប់គ្រងបរិស្ថានជប៉ុនសម្រាប់ឧស្សាហកម្ម (JEMAI) ដើម្បីពិភាក្សាអំពីការប្រើប្រាស់ជំនាញ និងបទពិសោធន៍ជាច្រើនទសវត្សរ៍លើការគ្រប់គ្រងឧស្សាហកម្មរបស់ជប៉ុន ដើម្បីគាំទ្រការអភិវឌ្ឍឧស្សាហកម្មប្រកបដោយនិរន្តរភាពនៅកម្ពុជា។

នៅក្នុងកិច្ចប្រជុំនេះ លោក HAMASAKA Takashi ប្រធានការិយាល័យលើកកម្ពស់ការគ្រប់គ្រងបរិស្ថាន នៃក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម ជប៉ុន បានលើកឡើងពីប្រវត្តិនៃដំណើរឧស្សាហូបនីយកម្មយ៉ាងឆាប់រហ័សរបស់ប្រទេសជប៉ុនក្នុងទសវត្សរ៍ឆ្នាំ១៩៥០ និង១៩៦០ ដែលបង្កឱ្យមានការបំពុលយ៉ាងខ្លាំង។

ជាការឆ្លើយតប រដ្ឋាភិបាលជប៉ុន បានអនុវត្តវិធានការច្បាប់ បទប្បញ្ញត្តិ ក្នុងភាពជាដៃគូជិតស្និទ្ធជាមួយវិស័យឯកជន ដើម្បីបង្កើតបច្ចេកវិទ្យាគ្រប់គ្រងការបំពុល ទន្ទឹមនឹងនោះ បន្តលើកកម្ពស់ការអភិវឌ្ឍ ឧស្សាហកម្មប្រកបដោយចីរភាព។
លោក បានចែករំលែកអំពីឧត្តមានុវត្តមួយចំនួនរបស់ជប៉ុន រួមទាំងការបង្កើតអង្គភាពគ្រប់គ្រងការបំពុលសម្រាប់រោងចក្រចាប់តាំងពីឆ្នាំ១៩៧១ ព្រមទាំងសារៈសំខាន់នៃការអនុលោមតាមស្តង់ដានិរន្តរភាពអន្តរជាតិ សម្រាប់ការចូលរួមក្នុងខ្សែច្រវាក់ផ្គត់ផ្គង់សកល របស់ឧស្សាហកម្មកម្ពុជា៕
