ព័ត៌មានអន្តរជាតិ

សាកសពជនអន្ដោប្រវេសន៍ ៧០នាក់ ត្រូវបានរកឃើញ បន្ទាប់ពីលិចទូក នៅឆ្នេរសមុទ្រយេម៉ែន

xinhua

យេម៉ែន៖ មន្ត្រីរដ្ឋាភិបាលយេម៉ែនបានឲ្យដឹងថា យ៉ាងហោចណាស់សាកសពជនអន្ដោប្រវេសន៍ចំនួន ៧០នាក់ត្រូវបានគេរកឃើញកាលពីថ្ងៃចន្ទពីឆ្នេរសមុទ្រក្បែរទីក្រុង Yakhtul ភាគខាងជើងនៃទីក្រុង Mokha ប្រទេសយេម៉ែន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ការរកឃើញនេះធ្វើឡើងបន្ទាប់ពីរបាយការណ៍របស់អង្គការអន្តរជាតិ សម្រាប់ការធ្វើចំណាកស្រុក (IOM) កាលពីថ្ងៃសុក្រ ដែលបានបញ្ជាក់ថាមនុស្ស ១៨៦ នាក់បានបាត់ខ្លួនបន្ទាប់ពីទូកជនអន្ដោប្រវេសន៍ចំនួន ៤គ្រឿង បានលិចនៅឆ្នេរសមុទ្រនៃប្រទេសយេម៉ែន និងប្រទេសជីប៊ូទី។

មន្ត្រីដែលសុំមិនបញ្ចេញឈ្មោះបានកត់សម្គាល់ថា ចំនួនអ្នកស្លាប់អាចនឹងកើនឡើង ខណៈដែលប្រតិបត្តិការស្វែងរកបន្តនៅតាមបណ្តោយឆ្នេរ។ អ្នកនេសាទក្នុងស្រុកបាននិងកំពុងជួយអាជ្ញាធរក្នុងការស្រង់យកសាកសព។ IOM បានរាយការណ៍ថា ផ្លូវដ៏គ្រោះថ្នាក់រវាង Horn ភាគខាងកើតនៃទ្វីបអាហ្រ្វិក និងប្រទេសយេម៉ែនបានឆក់យកជីវិតមនុស្សចំនួន ៥៥៨ នាក់ក្នុងឆ្នាំ២០២៤ ដោយសង្កត់ធ្ងន់ថា “ត្រូវការវិធានការបន្ទាន់ដើម្បីសង្គ្រោះជីវិតមនុស្ស” ។

ក្នុងឆ្នាំ២០២៤ របាយការណ៍របស់អង្គការសហប្រជាជាតិបានបង្ហាញថា ជនចំណាកស្រុកអាហ្វ្រិកចំនួន ៦០,៨៩៧ នាក់បានចូលមកក្នុងប្រទេសយេម៉ែន បន្ទាប់ពីបានធ្វើដំណើរតាមសមុទ្រប្រកបដោយគ្រោះថ្នាក់។ ផ្លូវសមុទ្រពី Horn of Africa ទៅកាន់ប្រទេសយេម៉ែន ត្រូវបានគេស្គាល់ថា មានហានិភ័យខ្លាំង ដោយជនអន្ដោប្រវេសន៍ តែងតែធ្វើដំណើរតាមទូក ដែលមានមនុស្សច្រើនលើសលប់ និងមិនសមនឹងស្ថានភាពសមុទ្រ ដែលដំណើរការដោយអ្នករត់ពន្ធ។ មនុស្សជាច្រើនមានគោលបំណងទៅប្រទេសឈូងសមុទ្រ ដើម្បីស្វែងរកឱកាសការងារ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top