ព័ត៌មានអន្តរជាតិ

ក្រុមបះបោរប៉ាគីស្ថាន វាយប្រហារលើរថភ្លើងដឹកអ្នកដំណើរ និងចាប់មនុស្សរាប់រយនាក់ ធ្វើជាចំណាប់ខ្មាំង

AFP

បរទេស៖ ក្រុមបះបោរប៉ាគីស្ថានបានវាយប្រហារលើ រថភ្លើងដឹកអ្នកដំណើរជាច្រើនរយនាក់ ខណៈដែលរថភ្លើងបានឆ្លងកាត់ផ្លូវរូងក្រោមដីកាលពីថ្ងៃអង្គារ ហើយបានអះអាងថា បានចាប់ចំណាប់ខ្មាំងជាង ១០០ នាក់ ទោះបីជាក្រោយមក ក្រុមមន្ត្រីបាននិយាយថា យ៉ាងហោចណាស់ មនុស្សចំនួន ១០៤នាក់ត្រូវបានជួយសង្គ្រោះក៏ដោយ។ ជោគវាសនារបស់អ្នកដំណើរផ្សេងទៀត មិនត្រូវបានគេដឹងភ្លាមៗនោះទេ។

យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា មន្ត្រីសន្តិសុខបាននិយាយថា អ្នកវាយប្រហារបានបំផ្ទុះផ្លូវដែកក្នុងខេត្ត Balochistan ភាគនិរតី ហើយបានបាញ់តបតជាមួយនឹងសន្តិសុខនៅលើរថភ្លើង ខណៈពេលដែលក្រុមបះបោរទាំងនោះ បានយកស្រ្តី និងកុមារ ជាខែលការពារ។

ក្រុមមន្ត្រីបាននិយាយថា អ្នកដំណើរមួយចំនួនរួមទាំងស្ត្រី និងកុមារបានរងរបួសនៅក្នុងការវាយប្រហារនេះ។

រថភ្លើងកំពុងធ្វើដំណើរពីទីរួមខេត្ត Quetta ទៅកាន់ទីក្រុងភាគខាងជើង Peshawar នៅពេលដែលវារងការវាយប្រហារនៅក្នុងស្រុក Bolan។ អ្នកនាំពាក្យរដ្ឋាភិបាល Shahid Rind បាននិយាយដោយហៅ ការវាយប្រហារនេះថាជា “អំពើភេរវកម្ម”។ លោក Rind បាននិយាយថា ការចូលទៅកាន់តំបន់នេះមិនងាយស្រួលនោះទេ ដោយសារតែដីមានភ្នំដ៏រឹងមាំ។

កងទ័ពរំដោះ Baloch ផ្តាច់ខ្លួនដែលគេស្គាល់ថា BLA ដែលបានធ្វើការបះបោរ អស់រយៈពេលជាច្រើនឆ្នាំមកហើយនោះ បានអះអាងទទួលខុសត្រូវ ហើយបាននិយាយថា ចំណាប់ខ្មាំងរួមមានសមាជិកនៃ កងកម្លាំងសន្តិសុខស្ថិតនៅលើរថភ្លើងនោះ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top