ព័ត៌មានអន្តរជាតិ

ទាហានម៉ារីនអាមេរិក និងកូរ៉េខាងត្បូង ធ្វើសមយុទ្ធរួមគ្នា ខណៈកូរ៉េខាងជើង ថ្កោលទោស

AFP

សេអ៊ូល៖ កងម៉ារីនកូរ៉េខាងត្បូងបានឲ្យដឹងថ្ងៃពុធនេះថា កងម៉ារីនកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបានធ្វើសមយុទ្ធថ្មើរជើងរួមគ្នារយៈពេល 10 ថ្ងៃ ក្នុងការបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីបង្កើនសមត្ថភាពប្រយុទ្ធរួមគ្នារបស់ពួកគេ ខណៈកូរ៉េខាងជើង ថ្កោលទោស នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានយុនហាប់។

យោងតាមកងម៉ារីនបានឱ្យដឹងថា ទាហានប្រហែល ៤៤០ នាក់មកពីកងម៉ារីនទី ២ របស់កូរ៉េខាងត្បូង និងកងកម្លាំងបេសកកម្មដែនសមុទ្រទី ៣ របស់សហរដ្ឋអាមេរិកបានចូលរួមក្នុងសមយុទ្ធដែលបានបើកនៅថ្ងៃទី ៣ ខែមីនា ហើយបានធ្វើឡើងនៅក្នុងកន្លែងហ្វឹកហាត់នៅ Gimpo និង Ganghwa ភាគពាយព្យនៃទីក្រុងសេអ៊ូល។

នៅក្នុងផ្នែកដំបូងនៃវគ្គហ្វឹកហ្វឺននេះ កងម៉ារីនពីភាគីទាំងសងខាងត្រូវបាន ចាត់ឱ្យទៅកងអនុសេនាតូចរួមបញ្ចូលគ្នា ដើម្បីពង្រឹងអន្តរប្រតិបត្តិការរបស់ពួកគេ និងពង្រឹងសមត្ថភាពជាក់ស្តែងរបស់ ពួកគេតាមរយៈការប្រយុទ្ធដោយសេរី។

ពួកគេបានចូលរួមក្នុងការហ្វឹកហ្វឺនសង្គ្រាមលើភ្នំ សម្រាប់ផ្នែកទីពីរ ដែលពាក់ព័ន្ធនឹងការហែក្បួនល្បឿន ៣ គីឡូម៉ែត្រ និងវគ្គឧបសគ្គ។ សមយុទ្ធចុងក្រោយនេះ ត្រូវបានធ្វើឡើងជាផ្នែកមួយ នៃកម្មវិធីសមយុទ្ធដែនសមុទ្រកូរ៉េធម្មតា ដែលត្រូវបានរចនាឡើងដើម្បីពង្រឹង ការត្រៀមខ្លួនរួមគ្នារវាងសម្ព័ន្ធមិត្ត៕

ប្រែសម្រួល ឈូក បូរ៉ា

To Top