
ភ្នំពេញ ៖ ទីភ្នាក់ងារជាតិ មុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយវិទ្យាស្ថានជាតិ ពហុបច្ចេកទេស តេជោសែន និង សហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារ សន្តិសុខសង្គម និង បណ្តុះបណ្តាលវិជ្ជាជិវៈ នឹងរៀបចំវេទិកាការងារ និងឱកាសកម្មសិក្សាការងារ នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែមីនា ឆ្នាំ២០២៥ ស្អែកនេះ នៅក្នុងបរិវេណវិទ្យា ស្ថានជាតិ ពហុបច្ចេកទេសតេជោសែន ដែលមានទីតាំងនៅខេត្តកណ្តាល។ វេទិកាការងារនេះ នឹងនាំយកឱកាសការងារថ្មីបន្ថែមទៀតចំនួន ២០០២ កន្លែង ពីក្រុមហ៊ុនធំៗចំនួន ២៣ សម្រាប់ផ្តល់ជូនយុវជន សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ ដើម្បីដាក់ពាក្យ និងសម្ភាសភ្លាមៗ នៅមួយកន្លែងងាយស្រួល។

ក្រុមហ៊ុនធំៗទាំង២៣ ដែលនឹងចូលរួមក្នុងវេទិកាការងារនេះ មានដូចជា៖ ធនាគារ PRINCE BANK, ធនាគារ LOLC,ក្រុមហ៊ុន VATTANAC, ក្រុមហ៊ុន S.N.K.R.P, ក្រុមហ៊ុន មេហ្គាលីស៊ីង, មីក្រូហិរញ្ញវត្ថុ BAMBOO, ក្រុមហ៊ុន CHIP MONG BANK,ធនាគារកាណាឌីយ៉ា, មីក្រូហិរញ្ញវត្ថុ មហានគរ,ក្រុមហ៊ុន MEKONGNET, KB BRASAC BANK, ក្រុមហ៊ុន O.M.I.D.A.S, ក្រុមហ៊ុន TRUMP, ក្រុមហ៊ុន វីរៈបុត្រ, ក្រុមហ៊ុន OcominKhmer,ក្រុមហ៊ុន ROYAL GROUP, មីក្រូហិរញ្ញវត្ថុ AMK, ក្រុមហ៊ុន One Fraternity,ក្រុមហ៊ុន GGEAR GROUP, អង្គការ DDD, ផ្សារទំនើប LUCKY និងក្រុមហ៊ុន LEO PUMP។

ចំពោះ យុវជន សិស្ស/និស្សិត និងអ្នកកំពុងតែស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារ អាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសផ្ទាល់ជាមួយតំណាង ក្រុមហ៊ុនទាំងនេះបាន ចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ០៥:០០ល្ងាច នៅក្នុងបរិវេណវិទ្យាស្ថានជាតិ ពហុបច្ចេកទេសតេជោសែន ដែលមានទីតាំងនៅផ្លូវជាតិ២១ ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

លោក គុយ សុខា មន្រ្តីផ្នែក Partnership នៃអង្គការប្រព័ន្ធទិន្នន័យកម្ពុជា(DDD) លើកឡើងថា លោកពិតជាសប្បាយចិត្តក្នុងការចូលរួមជាមួយ NEA ពិសេសសម្រាប់កម្មវិធីវេទិកា ការងារនេះ ដើម្បីផ្តល់ព័ត៌មានពីទីផ្សារការងារ និងឱកាសការងារដល់សិស្ស/និស្សិត។ លោកក៏បានអំពាវនាវ ដល់យុវជនមកចូលរួមក្នុងវេទិកា ការងារនេះឱ្យបានច្រើនកុះករផងដែរ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលការងារ រាជធានីភ្នំពេញរបស់ NEA តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨ ៦៦ ៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)៕








