ព័ត៌មានជាតិ

កម្ពុជា-ចិន រួមគ្នាឈ្វេងយល់ កាន់តែស៊ីជម្រៅ ពីប្រជាធិបតេយ្យ តាមបែបផែនចិន

ភ្នំពេញ ៖ នៅមជ្ឈមណ្ឌលកម្ពុជា ដើម្បីស្រាវជ្រាវផ្លូវសូត្រសមុទ្រ នារសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ ការិយាល័យ របស់មូលនិធិចិន ដើម្បីសន្តិភាពនិងការអភិវឌ្ឍប្រចាំកម្ពុជា និងសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាព កម្ពុជា-ចិន បានរួមគ្នារៀបចំបាឋកថា ស្តីពី «កម្ពុជា-ចិន ៖ ការភ្ជាប់បេះដូងតាមបណ្តោយផ្លូវសូត្រ» ឈ្វេងយល់ពីប្រជាធិបតេយ្យ តាមបែបផែនចិន ។
អ្នកចូលរួមនៅក្នុងពិធីនេះ គឺអញ្ជើញមកពីទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងសាធារណការនិងដឹកជញ្ជូន ក្រសួងអប់រំ យុវជននិងកីឡា សមាគមមិត្តភាព កម្ពុជា-ចិន សហភាពសហព័ន្ធយុវជនកម្ពុជា សមាគមសិស្ស-និសិ្សតអាហារូបករណ៍ អ.ម.ត សភាសម្ព័ន្ធសហជីពជាតិកម្ពុជា សមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន និស្សិត ស្ថានទូតចិនប្រចាំកម្ពុជា វិទ្យុមិត្តភាពកម្ពុជា-ចិន ផ្ទះយុវជនកម្ពុជា-ចិន និងអង្គពិធីទាំងមូល សរុបចំនួន១០០នាក់ ។

លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាព កម្ពុជា-ចិនបានរំលេចថា ការរៀបចំកម្មវិធីបាឋកថានេះ ក្នុងគោលបំណងរួម ចំណែកសំខាន់៤គឺ ១-បង្កើនការយល់ដឹងកាន់ តែស៊ីជម្រៅ ពីមហាសន្និបាតសភាទាំង២នៃប្រទេសចិន ២-ពន្លាតការឈ្វេងយល់ ពីទម្រង់ប្រជាធិបតេយ្យ តាមបែបផែនចិន ៣-ពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន និង៤-ពង្រីកកិច្ចសហប្រតិបត្តិការកាន់ តែស៊ីជម្រៅរវាងអង្គពាក់ព័ន្ធនានាស្តីពីអភិបាលកិច្ចប្រទេសចិន។

លោក Liu Zhanguo ប្រធានការិយាល័យ របស់មូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍប្រចាំកម្ពុជាបានគូសបញ្ជាក់ថា មហាសន្និបាតសភាទាំងពីរ នៃប្រទសចិន ដែលតែងបានរៀបចំជាទៀង ទាត់នៅដើមខែមីនា ជារៀងរាល់ឆ្នាំ គឺជាវេទិកាចូលរួមនិងពិភាក្សាកិច្ចការ នយោបាយដ៏សំខាន់បំផុតរបស់ប្រទេសចិន ដើម្បីផ្តល់ជាមតិយោបល់សម្រាប់ការអភិវឌ្ឍ និងវឌ្ឍនភាពរបស់ប្រទេសជាតិ។

លោកបន្តថា នៅក្នុងប្រទេសចិន ដំណើរការពេញលេញ នៃលទ្ធិប្រជាធិបតេយ្យប្រជាជន មិនត្រឹមតែត្រូវបានឆ្លុះបញ្ចាំង នៅក្នុងថ្នាក់កំពូល របស់ប្រទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅក្នុងអនុវត្តនៅថ្នាក់ក្រោម ដើម្បីធ្វើការសម្រាប់មហាជនផងដែរ ។
លោក Wu Chuanbing ទីប្រឹក្សាស្ថានទូតចិនប្រចាំកម្ពុជា បានពោលថា នៅពេលដែលយើងពិភាក្សាអំពីស្ថានភាព ប្រជាធិបតេយ្យរបស់ប្រទេសមួយ យើងត្រូវចាប់ផ្តើមពីស្ថានភាពជាក់ស្តែងរបស់ប្រទេស ។ ប្រទេសនានាគួរតែគោរពភាពចម្រុះនៃអរិយធម៌ពិភពលោក និងគោរពសិទ្ធិរបស់ប្រទេសនីមួយៗ ក្នុងការជ្រើសរើសដោយឯករាជ្យ នូវផ្លូវឆ្ពោះទៅកាន់លទ្ធិប្រជាធិបតេយ្យ។ ក្នុងនាមជាមិត្តដ៏រឹងមាំរបស់កម្ពុជា និងជាសហគមន៍ដែលមានអនាគតរួមគ្នា ចិននឹងគាំទ្រប្រជាជនកម្ពុជា ដោយឯករាជ្យក្នុងការជ្រើសរើសមាគ៌ាអភិវឌ្ឍន៍ដែលសមស្របនឹងលក្ខខណ្ឌជាតិរបស់ខ្លួន និងប្រឆាំងដាច់ខាត ចំពោះប្រទេសណាដែលបំពានលើតម្លៃលទ្ធិប្រជាធិបតេយ្យ ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនៃប្រទេសអធិបតេយ្យ ក្រោមលេសថាការពារលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ញុះញង់ឱ្យមានការបែកបាក់គ្នា និងពិភពលោក។

លោក ឡាវ វ៉ាន់ រដ្ឋលេខាធិការក្រសួង សាធារណការនិងដឹកជញ្ជូន និងជាអនុប្រធានសមាគមមិត្តភាពកម្ពុជា-ចិន បានកត់សម្គាល់ពីស្ថានភាព ជាក់ស្តែងនៅកម្ពុជានាសករាជតេជោ ដែលប្រជាជនកម្ពុជារស់នៅក្រោមម្លប់សន្តិភាព ដែលសន្តិភាពនេះហើយជាមូលដ្ឋានគ្រឹះដ៏រឹងមាំរបស់កម្ពុជា ។
លោកក៏បានរំលឹកឡើងវិញថា ឆ្នាំ២០២៤ ពេញ១ឆ្នាំនៃឆ្នាំទំនាក់ទំនងរវាងប្រជាជននិងប្រជាជន កម្ពុជានិងចិន ស្ថានទូតចិនប្រចាំកម្ពុជា បានរួមចំណែកយ៉ាងសកម្ម ក្នុងកិច្ចជំរុញសហប្រតិបត្តិការរវាងប្រជាជននិងប្រជាជន កម្ពុជា-ចិន ដែលបានផ្តល់នូវការអភិវឌ្ឍ ប្រកបដោយរលូន នៃទំនាក់ទំនងទ្វេភាគី ។ ហើយ កម្ពុជានិងចិន នៅតែបន្តជាមិត្តដែកថែប ជាងនេះទៅទៀត រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ក្រោមការដឹកនាំប្រកប ដោយភាពវាងវៃ និងថាមពលខ្លាំងក្លារបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ទំនាក់ទំនងរវាងកម្ពុជានិងចិនកាន់តែរឹងមាំ ដោយបន្តមរតកពី ថ្នាក់ដឹកនាំជំនាន់មុនៗ នៃប្រទេសយើងទាំងពីរ ។ ទាក់ទងនឹងទម្រង់លទ្ធិប្រជាធិបតេយ្យរបស់ប្រទេសចិន លោកយល់ឃើញថា វាជាទម្រង់មួយ នៃលទ្ធិប្រជាធិបតេយ្យ ដែលប្រជាជនចិនយល់ថា ជាដំណើរការពេញលេញរបស់ខ្លួន ហើយលោកបានវាយតម្លៃថា មហាសន្និបាតទាំង២ របស់ប្រទេសចិនបានឆ្លុះបញ្ចាំងយ៉ាងពេញលេញនូវឆន្ទៈ របស់ប្រជាជនចិន ស្របតាមលក្ខខណ្ឌរបស់ប្រទេសចិន។

គួររំលឹកផងដែរ ក្នុងកម្មវិធីនេះ អង្គពិធីទាំងមូលបានទទួលនូវសៀវភៅជាខេមរភាសាស្តីពី «ប្រជាធិបតេយ្យតាមបែបផែនចិន» ដែលជាស្នាដៃ និពន្ធរបស់លោកបណ្ឌិត ជា មុនីឫទ្ធិ ហើយដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈ នៅព្រឹទ្ធសភាកាលពីឆ្នាំ២០២២កន្លងមក៕

To Top