ព័ត៌មានជាតិ

ប្រជាពលរដ្ឋរងគ្រោះដោយអគ្គីភ័យ ទទួលបានអំណោយមនុស្សធម៌ ពីអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបារាយណ៍!

កំពង់ធំ៖ អនុសាខាកាកបាទក្រហមកម្ជុជាស្រុកបារាយណ៍ ដឹកនាំដោយលោកស្រី ហាក់ ពុទ្ធិតុសិតា អនុប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមស្រុក និងសហការី ព្រះមន្ត្រីសង្ឃក្នុងស្រុកដឹកនាំដោយព្រះតេជគុណព្រំ សារូ ព្រះអនុគណស្រុក ក្រុមកាកបាទក្រហមឃុំចើងដើង នាយប៉ុស្តិ៍រដ្ឋបាលឃុំ មេភូមិសំពៅលូន បាននាំយកអំណោយមនុស្សធ៌មរបស់អនុសាខា តាមវត្ត ​រដ្ឋបាលឃុំ និងប្រជាពលរដ្ឋប្រគល់ជូនដល់គ្រួសារដែលរងគ្រោះដោយភ្លើងឆេះផ្ទះអស់ទាំងស្រុង ស្ថិតនៅភូមិសំពៅលូន ឃុំចើងដើងស្រុកបារាយណ៍ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥។

លោកស្រី ហាក់ ពុទ្ធិតុសិតា អនុប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមស្រុកស្រុកបារាយណ៍ បានបញ្ជាក់ថាគ្រួសារលោក សុ៑ន ណារី អាយុ២៩ឆ្នាំ  ប្រពន្ធឈ្មោះ ហង្ស ដារី អាយុ៣០ឆ្នាំ បន្ទុកគ្រួសារ០៤នាក់ រងគ្រោះដោយភ្លើង ឆេះផ្ទះទាំងស្រុងទំហំផ្ទះ៦ម៉ែត្រ×៧ម៉ែត្រ សង់អំពីឈើ ប្រក់ស័ង្កសី ករណីនេះឆេះកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ មូលហេតុដោយ ឆ្លងចរន្តអគ្គិសនី។

លោកស្រីអនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាស្រុកបារាយណ៍ បានជំរុញលើកទឹកចិត្តបន្ថែមទៀត ដើម្បីឱ្យក្រុមគ្រួសារមានភាពរឹងមាំ អភិវឌ្ឍក្រុមគ្រួសារឱ្យមានការរីកចម្រើន លើសពីនេះសុំឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាប្រុងប្រយ័ត្នខ្ពស់ មុនចេញដំណើរទៅណាមកណា ត្រូវតែពន្លត់ភ្លើងចង្ក្រាន ធូប ទៀន និងបិទកុងតាក់ចរន្តអគ្គិសនី ឱ្យបានត្រឹមត្រូវ ចៀសផុតពីគ្រោះថ្នាក់កើតឡើងជាយថាហេតុ។

សូមបញ្ជាក់ផងដែរថា សម្រាប់អំណោយមនុស្សធម៌របស់អនុសាខាកាកបាទក្រហមកម្ពុជាស្រុកបារាយណ៍ បាននាំយកថវិកា និងសម្ភារឧបត្ថម្ភគ្រួសារដែលរងដោយអគ្គីភ័យឆេះផ្ទះអស់ទាំងស្រុងមាន៖ ថវិកាសរុនចំនួន១.៤២៧.០០០រៀល (អនុសាខា២០០.០០០រៀល ព្រះមន្ត្រីសង្ឃ៤០០.០០០រៀល រដ្ឋបាលឃុំ២០០.០០០រៀល និងប្រជាពលរដ្ឋភូមិសំពៅលូន ៦២៧.០០០រៀល)។

សម្ភារ អនុសាខាមាន÷តង់១,កន្ទេល១,ឃីត១,ឆ្នាំង២,អង្ករ៥០គីឡូក្រាម,មី១កេស,ត្រីខ១យួរ,ទឹកត្រី១យួរ និងទឹកសុីអុីវ ១យួរ។ សម្ភាររបស់ព្រះមន្ត្រីសង្ឃមាន៖ ឃីត០៧ អង្ករ៥០គីឡូក្រាម មី១កេស,ត្រីខ១យួរ,ទឹកត្រី១យួរ,ទឹកសុីអុីវ១យួរ ,ចង្ក្រានហ្គាស១ ចានឆ្នាំង និងសម្ភារប្រើប្រាស់មួយចំនួនទៀត៕

ដោយ៖ សំនៀង

To Top