ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រី នេត សាវឿន អញ្ជើញបិទសន្និបាត ប្រចាំឆ្នាំ២០២៤ របស់អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ នេះ លោកឧបនាយករដ្ឋមន្ត្រី នេត សាវឿន ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញបិទសន្និបាតបូក សរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផ្សព្វផ្សាយផែនការយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី១០ ។

សូមរំលឹកថា ចក្ខុវិស័យវែងឆ្ងាយ និង ការដោះស្រាយមុតស្រួចចំបញ្ហា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញ នូវយុទ្ធសាស្ត្រដ៏មានស័ក្តិសិទ្ធិ ភាពមួយ គឺ «គោលការណ៍សម្អាតចកចេញពីផ្ទៃបឹង» ក្នុងការចាត់ វិធានការម៉ឺងម៉ាត់ចំពោះ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងឡាយណា ដែលមានការជាប់ ពាក់ព័ន្ធ និងប្រើប្រាស់គ្រឿងញៀន គឺត្រូវបណ្តេញចេញពីក្របខ័ណ្ឌដោយគ្មានលើកលែង ក្នុងគោលបំណងលើកកម្ពស់អភិបាលកិច្ចល្អ ភាពស្អាតស្អំ និងភាពគំរូនៃការអនុវត្តច្បាប់ ។

បើតាមការបញ្ជា ក់នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា កម្ពុជានៅតែបន្តរងការគំរាមកំហែង ពីនិន្នាការ នៃគ្រឿងញៀនសកល ជាពិសេស ពីតំបន់ត្រីកោណមាស។ លទ្ធផលនៃកិច្ចប្រតិបត្តិការបង្រ្កាបបង្ហាញថា បទល្មើសគ្រឿងញៀនពុំមានការថមថយនោះទេ បើធៀបនឹងឆ្នាំ២០២៣ ។

ជាក់ស្តែងនៅឆ្នាំ២០២៤ ចំនួនករណីគ្រឿងញៀន ដែល បង្ក្រាបបានកើន៣១,៨៤% និងគ្រឿងញៀនចាប់យក កើន៣៩៩% ក្នុងនោះសមត្ថកិច្ចបង្ក្រាប បទល្មើសគ្រឿងញៀនបានចំនួន ១០.៦៣០ករណី កើនឡើង ២.៥៦៧ករណី ស្មើរ ៣១,៨៤% បើប្រៀបធៀបនឹងឆ្នាំ២០២៣។ ឃាត់ខ្លួនជន សង្ស័យចំនួន២៧.០៧១នាក់ កើន ៣៥,៥៣% , គ្រឿងញៀនចាប់យក ១៤តោន ៩០៩គីឡូក្រាម កើនឡើង ១១ តោន ៩២០ គ.ក្រ ស្មើរ ៣៩៨,៨២% (កើន៤ដង បើធៀបឆ្នាំ២០២៣)។

ដោយឡែកសារធាតុគីមីផ្សំរឹបអូសបានចំនួន ៣៥៤ គីឡូក្រាម ថយចុះ ១តោន ១១៥ គ.ក្រ ថយចុះ ៧៦%បើធៀបនឹងឆ្នាំ២០២៣៕

To Top