ភ្នំពេញ៖ ដើម្បីអបអរសាទរ និងឲ្យប្រព្រឹត្តិទៅដោយរលូន ដើម្បីប្រជាពលរដ្ឋ ទទួលភាពកក់ក្តៅ ក្នុងឱកាសបុណ្យ ឯករាជ្យជាតិ ៩វិច្ឆិកា និងកំណើតកងយុទ្ធពល ខេមរភូមិន្ទ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែអកអំបុក នៅថ្ងៃទី១០–១១–១២ ខែវិច្ឆិកា ឆ្នាំ២០១៩ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី៤ ខែវិច្ឆិកានេះ បានបើកកិច្ចប្រជុំ គណៈបញ្ជាការឯកភាព រាជធានីភ្នំពេញ ដើម្បីដាក់ចេញវិធានការទប់ស្កាត់ឲ្យបាន នូវពួកឧទ្ទាមក្រៅច្បាប់ ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ឆ្នាំនេះខុសប្លែក ពីបណ្តាឆ្នាំកន្លងទៅ ដោយសារតែឆ្នាំនេះ ទិវាបុណ្យឯករាជជាតិ៩វិច្ឆិកា និងកំណើតកងយុទ្ធពលខេមរភូមិន្ទ និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែអកអំបុកឆ្នាំ២០១៩នៅជាប់គ្នាហើយក្រុមឧទ្ទាមឆ្លៀតយកឱកាសមកកម្ពុជាដើម្បីផ្តួលរំលំរាជរដ្ឋាភិបាល ដូច្នេះទើបប្រើប្រាស់កម្លាំងទ្វេដង ទាំងកិច្ចការពារសន្តិសុខ និងកិច្ចការពារព្រះរាជពិធីបុណ្យ ការរៀបចំសណ្តាប់ធ្នាប់បរិស្ថាន។
អភិបាលរាជធានីបន្តថា កិច្ចប្រជុំនេះមានទិសដៅតែមួយគឺការពារសុវត្ថិភាព ដោយបែងចែកភារកិច្ច និងកំណត់ ទិសដៅរួចហើយចំនួន៥ ។
ក្នុងនោះដែរ លោក ចេវ ហាក់ ស្នងការងនគរបាលរាជធានី បានមានប្រសាសន៍ពីវិធានការជុំវិញ កិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាពការបញ្ជៀសចរាចរណ៍រថយន្តធុនធំ នៅពេលរៀបចំខួបលើកទី៦៦ ទិវាបុណ្យឯករាជជាតិ ៩វិច្ឆិកា និងកំណើតកងយុទ្ធពលខេមរភូមិន្ទ និងបុណ្យអុំទូក។
ក្នុងនោះ ត្រៀមរៀបចំកន្លែងស្នាក់នៅ សំរាប់កីឡាករអុំទូកនិងការរៀបចំទីលានប្រណាំងទូកជាដើម ការដាក់ចេញ នូវផែនការសង្គ្រោះទូកលិច ការសង្គ្រោះអ្នកជំងឺ និងផែនការទទួលទានអំបុក ៩វិច្ឆិកា២០១៩ ការរៀបចំតុបតែងលំអរសោភណ្ឌភាព អនាម័យបរិស្ថាន ៕