កាណាដា៖ រដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេស ប្រជាធិបតេយ្យទាំងប្រាំពីរ បានយល់ព្រមបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ ដើម្បីបញ្ចប់សង្រ្គាមរបស់រុស្ស៊ី ប្រឆាំងនឹងអ៊ុយក្រែន ហើយត្រូវបានកំណត់ដើម្បីថ្កោលទោស សកម្មភាពដែនសមុទ្រដ៏ឈ្លានពានរបស់ចិន នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
ខណៈពេលដែលសំណើបទឈប់បាញ់ ដែលរៀបចំដោយសហរដ្ឋអាមេរិក បានឈានដល់របៀបវារៈ នៅក្នុងកិច្ចប្រជុំរបស់ពួកគេនៅក្នុងទីក្រុងរមណីយដ្ឋាន La Malbaie របស់ប្រទេសកាណាដា រដ្ឋមន្ត្រីក៏បានរៀបចំសម័យប្រជុំមួយ សម្រាប់ប្រទេសចិន និងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកផងដែរ។
បន្ថែមពីលើសេចក្តីថ្លែងការណ៍រួមក្រោយកិច្ចប្រជុំ G7 គ្រោងនឹងចេញសេចក្តីប្រកាសដាច់ ដោយឡែកមួយទាក់ទងនឹងសន្តិសុខដែនសមុទ្រ ដែលទំនងជានឹងថ្កោលទោសចិនចំឈ្មោះតែម្ដង នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។
រដ្ឋមន្ត្រីបានថ្កោលទោសចំពោះសកម្មភាពខុសច្បាប់ ញុះញង់ បង្ខិតបង្ខំ និងគ្រោះថ្នាក់របស់ចិន ដែលស្វែងរកឯកតោភាគីដើម្បីកែប្រែស្ថានភាពបច្ចុប្បន្ន តាមរបៀបដែលប្រថុយបំផ្លាញស្ថិរភាពនៃតំបន់”។
ប្រភព G7 បាននិយាយថា ពាក្យនៃសេចក្តីប្រកាសដែលរំពឹងទុកនៅតែអាចផ្លាស់ប្តូរ មុនពេលរដ្ឋមន្ត្រីបញ្ចប់កិច្ចពិភាក្សា របស់ពួកគេនៅថ្ងៃសុក្រ ប៉ុន្តែច្បាប់ចម្លងនេះបានចង្អុលបង្ហាញ ពីចលនារបស់ប្រទេសចិន រួមទាំងការរុះរើដី និងការកសាងបន្ទាយសម្រាប់គោលបំណងយោធា។
រដ្ឋមន្ត្រីក៏មានគម្រោងបង្ហាញពីការព្រួយបារម្ភ កាន់តែខ្លាំងឡើងលើសកម្មភាពរបស់ចិនក្នុងការ “ពង្រីកយុត្តាធិការជាតិ តាមរយៈការប្រើប្រាស់កម្លាំង និងការបង្ខិតបង្ខំផ្សេងទៀត” រួមទាំងនៅទូទាំងសមុទ្រចិនខាងត្បូង និងខាងកើត និងច្រកសមុទ្រតៃវ៉ាន់ ៕
ប្រែសម្រួល ឈូក បូរ៉ា
