ព័ត៌មានជាតិ

រដ្ឋមន្រ្តីពាណិជ្ជកម្ម ៖ ការគាំពារអ្នកប្រើប្រាស់ គឺជាការគាំពារដល់ខ្លួនយើងទាំងអស់គ្នា

ភ្នំពេញ ៖ លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិ ការពារអ្នកប្រើប្រាស់ «គ.ជ.ក.ប.» បានលើកឡើងថា ការការពារសិទ្ធិអ្នកប្រើប្រាស់ មិនមែនជាកាតព្វកិច្ច របស់បុគ្គលណាមួយឡើយ តែជាកិច្ចការនិងជាផលប្រយោជន៍រួម ព្រោះការគាំពារអ្នកប្រើប្រាស់ គឺជាការគាំពារដល់ខ្លួនយើងទាំងអស់គ្នា ។

ក្នុងពិធីអបអរសាទរ ទិវាសិទ្ធិអ្នកប្រើប្រាស់ពិភពលោក២០២៥ និងសន្និសីទ ស្ដីពីសិទ្ធិអ្នកប្រើប្រាស់ ក្រោមប្រធានបទ “ការផ្លាស់ប្ដូរឆ្ពោះទៅរកការរស់នៅ ប្រកបដោយចីរភាព” នៅថ្ងៃទី១៤ មីនា នេះ លោកស្រី រដ្ឋមន្រ្តី បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ក្រុមការងារពាក់ព័ន្ធទាំងអស់ ដែលបានរៀបចំ នូវកម្មវិធីនេះឡើង ដើម្បីពង្រឹងការយល់ដឹងអំពីសិទ្ធិ និងកាតព្វកិច្ចរបស់អ្នកប្រើប្រាស់ ជំរុញការបង្កើតទីផ្សារ ប្រកប ដោយសុចរិតភាព គុណភាព និងភាពសម្បូរណ៍ បែបលើផលិតផលទំនិញ និងសេវា ផ្តល់ជាជម្រើសដ៏ប្រសើរ ដល់អ្នកប្រើប្រាស់ ដែលជាកម្លាំងចលករដ៏សំខាន់ នៃការរុញច្រាន ដល់កំណើនសេដ្ឋកិច្ចសង្គម។

លោកស្រី រដ្ឋមន្រ្តី បញ្ជាក់ថា នៅប្រទេសកម្ពុជា ចាប់តាំងពីច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ត្រូវបានអនុម័តដាក់ឱ្យប្រើកាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រសួងពាណិជ្ជកម្ម ដោយមានកិច្ចសហការ របស់ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) បាននិងកំពុងបន្តផ្សព្វផ្សាយច្បាប់ និងបទប្បញ្ញត្តិនានាជូនដល់ភាគីពាក់ព័ន្ធ ជាពិសេសវិស័យឯកជន នៅតាមបណ្តារាជធានី ខេត្ត និងបានបន្តកិច្ចខិតខំប្រឹងប្រែង ក្នុងការអនុវត្តយន្តការជាក់លាក់ ដើម្បីការពារអ្នកប្រើប្រាស់ ក្នុងនោះរួមមាន៖ (១). ការកសាងបទប្បញ្ញត្តិក្រោមច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ដើម្បីបង្កើនការការពារសិទ្ធិ និងផលប្រយោជន៍អ្នកប្រើប្រាស់ (២). ការជំរុញការប្រកួតប្រជែងដោយសុចរិត និងការធ្វើសកម្មភាពធុរកិច្ច ជាមួយគ្នាដោយមានទំនុកចិត្ត (៣). កិច្ចសហការជាមួយអង្គការជាតិ និងអន្តរជាតិ ដើម្បីអភិវឌ្ឍគោលនយោបាយ ការពារអ្នកប្រើប្រាស់ឱ្យកាន់តែមានប្រសិទ្ធភាព។

លោកស្រី រដ្ឋមន្រ្តី បានបន្ថែមថា «ការការពារសិទ្ធិអ្នកប្រើប្រាស់ មិនមែនជាកាតព្វកិច្ច របស់បុគ្គលណាមួយឡើយ តែជាកិច្ចការនិងជាផលប្រយោជន៍រួម របស់យើងទាំងអស់គ្នា ព្រោះការគាំពារអ្នកប្រើប្រាស់ គឺជាការគាំពារ ដល់ខ្លួនយើងទាំងអស់គ្នា ហើយក្នុងនាមជាអ្នកប្រើប្រាស់ យើងមានសិទ្ធិទទួលបាន នូវផលិតផលទំនិញ និង សេវាមានគុណភាព និងសុវត្ថិភាព ជាពិសេសយើង មានសិទ្ធិទទួលបាននូវព័ត៌មានដែលត្រឹមត្រូវ និងគ្រប់គ្រាន់ព្រមទាំងមាន សិទ្ធិទទួលបាននូវដំណោះស្រាយ នៅពេលដែលសិទ្ធិនិងផលប្រយោជន៍របស់យើង ត្រូវបានបំពាន»។

លោកស្រី រដ្ឋមន្រ្តី បានបង្ហាញនូវសុទិដ្ឋិនិយមថា តាមរយៈកម្មវិធីអបអរសាទរទិវាសិទ្ធិអ្នកប្រើប្រាស់ពិភពលោកនាថ្ងៃនេះ ភាគីពាក់ព័ន្ធទាំងអស់ នឹងទទួលបាននូវចំណេះដឹងបន្ថែមទៀត ពាក់ព័ន្ធ នឹងកិច្ចការពារអ្នកប្រើប្រាស់ ព្រមទាំងបន្តចូលរួម ក្នុងការពង្រឹងកិច្ចការពារ អ្នកប្រើប្រាស់នៅកម្ពុជា ឱ្យកាន់តែទូលំទូលាយ ៕

To Top