ភ្នំពេញ ៖ នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី Nicola Beer អនុប្រធានធនាគារ វិនិយោគអឺរ៉ុប EIB បានអញ្ជើញចូលរួមពិធិចុះហត្ថលេខាលើ កិច្ចកិច្ចព្រមព្រៀង ហិរញ្ញប្បទានឥតសំណង សម្រាប់កម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្មរវាងរដ្ឋាភិបាលកម្ពុជា និងធនាគារវិនិយោគ អឺរ៉ុបនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខានេះ ធ្វើឡើងអំឡុងដំណើរទស្សនកិច្ចជាលើកដំបូង មកកាន់ប្រទេសកម្ពុជា របស់លោកស្រី Nicola Beer អនុប្រធានធនាគារ វិនិយោគអឺរ៉ុប ទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍ ។ ពិធីចុះហត្ថលេខានេះធ្វើឡើងដោយមានវត្តមានលោក អ៊ីហ្គូ ទ្រីសម៉ាន់ ឯកអគ្គរដ្ឋទូត សហភាពអឺរ៉ុបប្រចាំនៅកម្ពុជា និងលោក Frew Behabtu នាយកប្រចាំនៅកម្ពុជា របស់មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) ។

សហភាពអឺរ៉ុបវិនិយោគទឹកប្រាក់ជិត ៨០ លានអឺរ៉ូ ដើម្បីធ្វើទំនើបកម្មវិស័យកសិកម្មនៅកម្ពុជា និងជំរុញឱ្យកសិករមានលទ្ធភាពចូលទៅកាន់ទីផ្សារក្នុងស្រុក និងសកល។ ទឹកប្រាក់វិនិយោគនេះនឹងផ្តល់អត្ថប្រយោជន៍ដល់កសិករខ្នាតតូចចំនួន ១០០.០០០ នាក់ គ្រួសារមានដីធ្លីខ្នាតតូចចំនួន ២៥.០០០ គ្រួសារ និងសហគ្រាសកសិកម្មចំនួន ៥០០ ដោយនឹងជួយ បង្កើនផលិតភាព និងការប្រកួតប្រជែង៕









