ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ណែនាំឲ្យមន្ទីរកសិកម្មខេត្ត ជូនដំណឹងដល់ប្រជាកសិករ ដែលនៅឆ្ងាយពីប្រភពទឹក ផ្អាកដាំស្រូវប្រាំង

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានណែនាំឲ្យមន្ត្រី នៃមន្ទីរកសិកម្មខេត្ត ត្រូវចុះផ្សព្វផ្សាយ និងជូនដំណឹង តាមបណ្តាស្រុកទាំងអស់ លើកទឹកចិត្តកុំឲ្យប្រជាកសិករ ធ្វើស្រែប្រាំងក្នុងរដូវនេះ។

លោកអភិបាលខេត្ត បានលើកឡើងដូច្នេះនីថ្ងៃទី១៤ ខែមិនា ឆ្នាំ២០២៥ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១០ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត នៅសាលប្រជុំធំ សាលាខេត្តកំពង់ចាម។

លោកអភិបាលខេត្ត មានប្រសាសន៍ថា ការធ្វើស្រែប្រាំង ក្នុងពេលនេះ ប្រឈមការខ្វះខាតទឹក ចំពោះអ្នកនៅឆ្ងាយ ពីប្រភពទឹក ជាហេតុធ្វើឲ្យស្រូវស្កក ពិបាកក្នុងការដោះស្រាយទឹក ដាក់ស្រែជូនប្រជាកសិករ ដើម្បីការពារកុំ ឲ្យប្រជាកសិករខាតបង់ថវិកា និងកម្លាំងពលកម្ម ដូច្នេះមន្ត្រីជំនាញ នៃមន្ទីរកសិកម្មរុក្ខា ប្រមាញ់ខេត្ត ត្រូវចុះពិនិត្យនិង ណែនាំដល់ប្រជាកសិករ ផ្អាកឈប់បន្តដាំដំណាំស្រូវ ប្រាំងមួយរយៈសិន ។

លោកអភិបាលខេត្តបន្តថា អាជ្ញាធរ ពុំមានការហាមឃាត់នោះទេ មានតែ លើកទឹកចិត្តដល់ប្រជាកសិករ ឲ្យដាំស្រូវប្រាំងពីរដងទៅបីរដង ទៅតាមលទ្ធភាព និងទៅតាមស្ថានភាពជាក់ស្តែងនៃប្រភពទឹកនៅទីនោះ ប៉ុន្តែ អាជ្ញាធរយើង ក៏សុំលើកទឹកចិត្ត និងអំពាវនាវ ដល់ប្រជាកសិកររបស់យើង ដែលនៅឆ្ងាយពីប្រភពទឹក ដែលធ្វើស្រែ ពឹងផ្អែកទឹកភ្លៀង សូមកុំបន្តដាំស្រូវប្រាំង ក្នុងខណៈនេះ ព្រោះអាចប្រឈមការខ្វះទឹកដាក់ស្រែ បណ្តាលឲ្យស្រូវស្កក ខូចខាតទៅវិញ។

ជាមួយគ្នានោះ លោកអភិបាលខេត្ត បានជំរុញឲ្យមន្ទីរកសិកម្ម សហការជាមួយមន្ទីរពាណិជ្ជកម្ម ស្វែងរកដៃគូសហការ ព្រមទាំងសហគ្រាសរោងម៉ាស៊ីនកិនស្រូវ ចុះប្រមូលទិញស្រូវរបស់ប្រជាកសិករ ដែលប្រមូលផលបាន ដើម្បីចូលរួមលើក កម្ពស់ជីវភាព របស់ប្រជាពលរដ្ឋ ឲ្យកាន់តែធូរធារ ហើយឲ្យពួកគាត់មាន កម្លាំងចិត្តក្នុង ការបង្ករបង្កើនផលស្រូវបន្តទៅទៀត ៕

To Top