ព័ត៌មានជាតិ

មន្ត្រីជំនាញ៖ វិស្វករ ជាធនធានបញ្ញវន្តវិស្វកម្មជាតិ និងជាកំលាំងចលករមិនអាចខ្វះបាន ក្នុងការរួមចំណែកអភិវឌ្ឍន៍ប្រទេសប្រកបដោយចីរភាព

ស្វាយរៀង៖ លោក សុខុម រិទ្ធីវុធ អគ្គលេខាធិការ និងជាសមាជិកអចិន្ត្រៃយ៍ក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា​បានថ្លែងថាវិស្វករ ជាធនធានបញ្ញវន្តវិស្វកម្មជាតិ និងជាកំលាំងចលករមិនអាចខ្វះបាន ក្នុងការរួមចំណែកអភិវឌ្ឍន៍ប្រទេសប្រកបដោយចីរភាព ដែលតម្រូវឱ្យវិស្វករមានការសិក្សាស្វែង យល់ និងតាមឱ្យទាន់នូវការវិវត្តន៍បច្ចេកវិទ្យានាពេលបច្ចុប្បន្ន និងអនាគត។

ការថ្លែងលើកឡើងបែបនេះ នៅក្នុងឱកាស លោក សុខុម រិទ្ធីវុធ និង លោកប៉េង​ ពោធិ៍សា​ អភិបាលខេត្តស្វាយរៀង​ បានអញ្ជើញចូលរួមបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី​ “សារៈប្រយោជន៍នៃការចុះបញ្ជីវិស្វករនៅគណៈវិស្វករកម្ពុជា​”ជូនដល់មន្ត្រីរាជការ​ និងបុគ្គលិក​ ជាវិស្វករគ្រប់ជំនាញ​ នៅតាមមន្ទីរ​ អង្គភាព​ គ្រឹះស្ថាន​ ក្រុមហ៊ុនកាលពីថ្ងៃទី១៤ខែមីនាឆ្នាំ២០២៥នៅសាលប្រជុំសាកលវិទ្យាល័យស្វាយរៀង។

លោកសុខុម រិទ្ធីវុធ បានគូសបញ្ជាក់ថា នៅនីតិកាលទី៧ នៃ រដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពឈ្លាសវៃ របស់ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាប្រធានកិត្តិយសគណៈវិស្វករកម្ពុជា បានដាក់ចេញនូវ “យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១” ឱ្យអនុវត្តស្របតាមអភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ” ដោយបានផ្តល់អាទិភាពខ្ពស់ ក្នុងការអភិវឌ្ឍមូលធនមនុស្សលើ មុខជំនាញវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងបរិវត្តកម្មឌីជីថល ដែលជាកាលានុវត្តភាពថ្មី ក្នុង ការបង្កើនប្រសិទ្ធភាព និងផលិតភាពឱ្យកាន់តែប្រសើរឡើង។

ក្នុងឱកាសនោះ លោកប៉េង​ ពោធិ៍សា​អភិបាលខេត្តបានថ្លែងថា​ ក្នុងនាមអាជ្ញាធរដែនដីនៃខេត្ត​ សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ច ខិតខំប្រឹងប្រែង ដោយយកអស់ពីកម្លាំងកាយចិត្តរបស់ឯកឧត្តម លោកជំទាវ លោក លោកស្រីជាថ្នាក់ដឹកនាំ មន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានគណៈវិស្វករកម្ពុជា នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីជា ប្រយោជន៍ដល់ការធ្វើនីតិកម្មសម្រាប់លើកកំពស់វិជ្ជាជីវៈវិស្វកម្ម នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជានៅ ក្នុងខេត្តស្វាយរៀងទាំងមូល។

លោកបន្តថា​ ការអភិវឌ្ឍន៍ជាតិ និងសមាហរណកម្មសេវាវិស្វកម្មតាមស្មារតីនៃកិច្ចព្រមព្រៀងទទួល ស្គាល់គ្នាទៅវិញទៅមកលើសេវាវិស្វកម្មក្នុងតំបន់អាស៊ាន ដែលប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យនោះ ចាំបាច់ត្រូវមានមូលដ្ឋានគតិយុត្ត និងធនធានបញ្ញវន្តវិស្វករជាតិប្រកបដោយគុណភាពស្តង់ដារ មួយដែលអាចទទួលយកបាន។ ដូច្នេះហើយបានជាគណៈវិស្វករកម្ពុជាតម្រូវឱ្យមានការចុះបញ្ជីវិស្វករនៅ គណៈវិស្វករកម្ពុជា​ ព្រោះជាកិច្ចការមួយដ៏សំខាន់ហេីយយើងអាចព្យាករណ៍ដឹងពីបរិមាណ និងគុណភាព៕

To Top