ព័ត៌មានជាតិ

ក្រសួងការងារ និងអូស្ត្រាលី ជំរុញកិច្ចសហប្រតិបត្តិការ រយៈពេលវែង ក្នុងការបណ្តុះបណ្តាល វិជ្ជាជីវៈរវាងអូស្ត្រាលី និងកម្ពុជា

ភ្នំពេញ ៖ នារសៀល ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥នេះ លោក​ ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូអូស្រ្តាលីដឹកនាំដោយលោកស្រី ខារ៉ូលីន ប៊េកស្ទ័រ (Carolyn Bagster) លេខាទី១ និងជាប្រធានការិយាល័យពាណិជ្ជកម្ម និងវិនិយោគ នៃស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា។

តាមរយៈជំនួបដែលធ្វើឡើង នៅទីស្តីការក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ លោករដ្ឋមន្ត្រី បានលើកឡើងពីកម្លាំង ពលកម្មជំនាញដែលទីផ្សារ ការងារនៅក្នុងប្រទេសកម្ពុជាត្រូវការ ដូចជាក្នុងវិស័យសេវាកម្ម វិស័យកសិកម្ម និងវិស័យឧស្សាហកម្ម ជាដើម។ ទន្ទឹមនេះ លោករដ្ឋមន្ត្រី មើលឃើញថា នេះជាឱកាសដ៏ល្អក្នុងការបង្កើតភាពជាដៃគូ និងការជំរុញកិច្ចសហប្រតិបត្តិការរយៈពេលវែងក្នុងការបណ្តុះបណ្តាលវិជ្ជាជីវៈរវាងគ្រឹះស្ថានអប់រំបណ្តុះបណ្តាល នៃប្រទេសអូស្ត្រាលី និងគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេស(TVET) របស់ប្រទេសកម្ពុជា។

លោករដ្ឋមន្ត្រី ក៏បានចែករំលែកនូវការអនុវត្តជាគន្លឹះក្នុងការអភិវឌ្ឍជំនាញ និងការបណ្តុះបណ្តាលកម្លាំងពលកម្មនៅកម្ពុជា ស្របតាមទីផ្សារការងារនាពេលបច្ចុប្បន្ន និង អនាគត ។ លោករដ្ឋមន្ត្រី ជឿជាក់ថាស្តង់ដាអប់រំបណ្តុះបណ្តាល របស់ប្រទេសអូស្ត្រាលី នឹងចូលរួមចំណែក យ៉ាងសំខាន់តាមរយៈកិច្ចសហប្រតិបត្តិការ ជាមួយគ្រឹះស្ថានបណ្តុះ បណ្តាលបច្ចេកទេស(TVET) របស់ប្រទេសកម្ពុជា ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស លើជំនាញបច្ចេកទេស និងជំនាញនានាប្រកប ដោយគុណភាព។

ជាការឆ្លើយតប លោកស្រី ខារ៉ូលីន ប៊េកស្ទ័រ (Carolyn Bagster) រួមនិងគណៈប្រតិភូដែលជាតំណាង នៃគ្រឹះស្ថានអប់រំបណ្តុះបណ្តាល នានាក្នុងប្រទេសអូស្ត្រាលី បានបង្ហាញការគាំទ្រចំពោះការលើកឡើងរបស់លោករដ្ឋមន្ត្រី និងសង្ឃឹមថា តាមរយៈការជួយសម្របសម្រួលពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងពង្រឹងកិច្ច សហប្រតិបត្តិការរវាងគ្រឹះស្ថានអប់រំ បណ្តុះបណ្តាលនៃប្រទេសអូស្ត្រាលី ជាមួយគ្រឹះស្ថានបណ្តុះបណ្តាល បច្ចេកទេស(TVET) របស់កម្ពុជាឱ្យកាន់ តែប្រសើរថែមទៀត៕

To Top