ប៉ារីស៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានអំពាវនាវឱ្យរុស្ស៊ី ទទួលយកសំណើបទឈប់បាញ់រយៈពេល ៣០ថ្ងៃ ដែលបានបង្កើតឡើងក្នុងអំឡុងកិច្ចប្រជុំរវាងសហរដ្ឋអាមេរិក និងអ៊ុយក្រែន នៅទីក្រុង Jeddah ប្រទេសអារ៉ាប៊ីសាអូឌីត កាលពីដើមសប្តាហ៍នេះ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើគណនី X ផ្លូវការរបស់លោក ម៉ាក្រុង បានឲ្យដឹងថា លោកបាននិយាយដាច់ដោយឡែកជាមួយប្រធានាធិបតីអ៊ុយក្រែន វូឡូឌីមៀ ហ្សេឡិនស្គី និងនាយករដ្ឋមន្ត្រីអង់គ្លេសលោក Keir Starmer កាលពីថ្ងៃសុក្រ។
លោកក៏បានប្រកាសថា សន្និសីទវីដេអូមួយនឹងត្រូវធ្វើឡើងនៅថ្ងៃសៅរ៍ ដើម្បីពិភាក្សាអំពីវិធានការនានាក្នុងគោលបំណង “ពង្រឹងការគាំទ្រ សម្រាប់អ៊ុយក្រែន និងការសម្រេចបាននូវសន្តិភាពដ៏រឹងមាំ និងយូរអង្វែង” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ប្រទេសអ៊ុយក្រែន បានយល់ព្រមកាលពីថ្ងៃអង្គារចំពោះសំណើរបស់សហរដ្ឋអាមេរិកសម្រាប់ “បទឈប់បាញ់រយៈពេល ៣០ថ្ងៃភ្លាមៗ” បន្ទាប់ពីពិភាក្សាជាមួយគណៈប្រតិភូអាមេរិកនៅទីក្រុង Jeddah ។
កិច្ចពិភាក្សាដែលបានធ្វើឡើងដោយគ្មានការចូលរួមពីអឺរ៉ុប បណ្តាលឱ្យមានការប្តេជ្ញាចិត្តសម្រាប់ជំនួយសន្តិសុខថ្មីរបស់សហរដ្ឋអាមេរិកដល់អ៊ុយក្រែន ខណៈដែលសហរដ្ឋអាមេរិក បានធានាការយល់ព្រមជាបឋម សម្រាប់ការទទួលបានធនធានរ៉ែរបស់អ៊ុយក្រែន៕
ប្រែសម្រួល ឈូក បូរ៉ា
