ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញជាអធិបតីក្នុងវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ លើកទី១

ភ្នំពេញ៖ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) បានជូនដំណឹងដល់សាធារណជន និងអ្នកសារព័ត៌មានទាំងអស់មេត្តាជ្រាបថា រាជរដ្ឋាភិបាល នឹងរៀបចំ វេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ លើកទី១ ស្តីពី “កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០” ក្រោមអធិតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

វេទិកានេះមានបំណងរួមគ្នាវាយតម្លៃអំពីវឌ្ឍនភាព បញ្ហាប្រឈម កំណត់ដំណោះស្រាយ និង ការតម្រង់ទិសផ្នែកគោលនយោបាយសម្រាប់សម្រួចការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

វេទិកានេះនឹងប្រព្រឹត្តទៅនាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ នៅសណ្ឋាគារសុខាភ្នំពេញ ចាប់ពីវេលាម៉ោង ៧នាទីព្រឹក ដល់ម៉ោង ១២នាទីថ្ងៃត្រង់ ដែលមានសមាសភាពចូលរួមមកពីតំណាងព្រឹទ្ធសភា រដ្ឋសភា ក្រុមប្រឹក្សាធម្មនុញ្ញ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សមាជិករាជរដ្ឋាភិបាល ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ក្រសួង ស្ថាប័ននៃរាជរដ្ឋាភិបាល រដ្ឋបាលថ្នាក់ក្រោមជាតិ អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងអ្នកពាក់ព័ន្ធនានា សរុបប្រមាណ ១.៤០០នាក់។ ទន្ទឹមនេះ ក៏មានការៀបចំតាមប្រព័ន្ធ អនឡាញ (Zoom) ពីគ្រប់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌផងដែរ៕

To Top