ភ្នំពេញ៖ សមត្ថកិច្ច បានស្រាវជ្រាវតាមឃាត់ខ្លួនមុខជនសង្ស័យ ធ្វើសកម្មភាពឆក់កាបូបជនបរទេស ដែលជាទេសចរផងដែរ ។

ជាក់ស្ដែងនៅថ្ងៃនេះ មានករណីចោរចក់ទ្រព្យសម្បត្តិជនបរទេស ដែលគេស្គាល់ថា ជា Vlogger ដ៏ល្បីមួយរូបលើបណ្ដាញសង្គម YouTube, Facebook និង Instagram ដែលលោកបានជួយផ្សព្វផ្សាយពីប្រទេសកម្ពុជាយ៉ាងច្រើន។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា «ក្រោយពីជនសង្ស័យបានធ្វើសកម្មភាពជិះម៉ូតូឆក់កាបូបជនរងគ្រោះជាជនបរទេសនៅសង្កាត់វត្តភ្នំ ខណ្ឌដូនពេញបានប៉ុន្មានម៉ោងក្រោយមក ដោយមានការស្រាវជ្រាវស៊ើបអង្កេតពីកម្លាំងជំនាញព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កំណត់បានមុខសញ្ញាជនសង្ស័យ នៅរសៀលថ្ងៃដដែលទី១៥ខែមីនា ឆ្នាំ២០២៥ សមត្ថកិច្ចបានឈានចាប់ឃាត់ខ្លួនជនសង្ស័យបានហើយ មានឈ្មោះ កែវ ខួចចិន្តា»។


សមត្ថកិច្ច ក៏បានដកហូតសម្ភាររបស់ជនរងគ្រោះមកវិញផងដែរ។ បច្ចុប្បន្នជនសង្ស័យកំពុងត្រូវបានឃាត់ខ្លួនសាកសួរនៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីចាត់ការតាមនីតិវិធី៕



