បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានអះអាងសារជាថ្មី អំពីគោលជំហររបស់ឥណ្ឌាលើសន្តិភាព និង ការទូត ដោយនិយាយថា ប្រទេសរបស់លោក បានត្រៀមលក្ខណៈ ដើម្បីធ្វើជាអ្នកសម្រុះសម្រួលរវាងរុស្ស៊ី និងអ៊ុយក្រែន ។
នៅក្នុងបទសម្ភាសន៍ ជាមួយអ្នកសារព័ត៌មាន ដ៏ពេញនិយមរបស់សហរដ្ឋអាមេរិក Lex Fridman សម្រាប់ភាគីជម្លោះរុស្សី និងអ៊ុយក្រែន លោក Modi បានគូសបញ្ជាក់ថា ភាពជាអ្នកដឹក នាំនៅទីក្រុងគៀវ ដែលចូលរួមកិច្ចពិភាក្សា តែជាមួយសម្ព័ន្ធ មិត្តនឹង មិននាំមកនូវដំណោះស្រាយ ដោយសន្តិវិធីកាន់តែ ខិតជិតនោះទេ ។
លោក Modi បាននិយាយបែបនេះថា ៖ ប្រទេសអ៊ុយក្រែន អាចធ្វើការពិភាក្សារាប់មិនអស់ ជាមួយសម្ព័ន្ធមិត្តរបស់ពួកគេ ប៉ុន្តែវានឹងមិនមានផ្លែផ្កាអ្វីឡើយ ។ ការពិភាក្សាត្រូវតែរួមបញ្ចូល ភាគីទាំងពីរជំនួសវិញ ។ ដំបូងឡើយ វាមានការលំបាកក្នុងការស្វែងរកសន្តិភាព ។ ប៉ុន្តែឥឡូវនេះ ស្ថានភាពបច្ចុប្បន្នបង្ហាញពី ឱកាសសម្រាប់ការពិភាក្សា ប្រកបដោយអត្ថន័យ និងមានផលិតភាព។
ដោយបញ្ជាក់ឡើងវិញនូវជំហរដ៏យូរអង្វែងរបស់ឥណ្ឌាលើជម្លោះអ៊ុយក្រែន ជាកន្លែងដែលខ្លួនបានបដិសេធមិនព្រមចូលខ្លួន បើទោះបីជាមានសម្ពាធយ៉ាងខ្លាំងពីដៃគូរបស់លោកខាងលិច ជាពិសេសទីក្រុងវ៉ាស៊ីនតោនក៏ដោយ លោក Modi បានកត់សម្គាល់ថា ៖ខ្ញុំតំណាងឱ្យប្រទេស ដែលជាទឹកដីរបស់ព្រះពុទ្ធ និងមហាត្មៈគន្ធី។ ទាំងនេះគឺជាព្រលឹងដ៏អស្ចារ្យ ដែលការបង្រៀន ពាក្យសម្ដី សកម្មភាព និងអាកប្បកិរិយាត្រូវបាន ឧទ្ទិសទាំងស្រុងចំពោះសន្តិភាព។
លោក Modi ក៏បានសង្កត់ធ្ងន់ដែរថា ទំនាក់ទំនងការទូតដ៏រឹងមាំរបស់ឥណ្ឌា ជាមួយទាំងរុស្ស៊ី និងអ៊ុយក្រែន បានដាក់វានៅក្នុងទីតាំងពិសេសមួយ ដើម្បីសម្រួលដល់ការសន្ទនា នៃភាគីទាំងពីរ៕
ប្រែសម្រួល៖ស៊ុនលី
