បរទេស៖បុរសជនជាតិឥណ្ឌាពីរនាក់ត្រូវបានចោទប្រកាន់ជាផ្លូវការពីបទចាប់រំលោភស្ត្រីជនជាតិអាល្លឺម៉ង់អាយុ ២៤ ឆ្នាំម្នាក់ បន្ទាប់ពីកម្មវិធីជប់លៀង Full Moon Party នៅលើកោះ Phangan នៃខេត្តភាគខាងត្បូង ប្រទេសថៃ។
យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយកាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅតំបន់ថ្មនៃឆ្នេរ Haad Rin កាលពីវេលាម៉ោង៤និង៥០នាទីព្រឹកថ្ងៃសុក្រ។ ស្ត្រីរូបនេះបានប្តឹងប៉ូលិសដោយនិយាយថា នាងមិនច្បាស់អំពីអត្តសញ្ញាណជនសង្ស័យទេ ព្រោះនាងបានផឹកស្រាច្រើននៅយប់ថ្ងៃកើតហេតុ ។
បន្ទាប់ពីការស៊ើបអង្កេត ប៉ូលីសបានចាប់ខ្លួនជនសង្ស័យពីរនាក់គឺឈ្មោះ Vijay Dadasaheb អាយុ ៤៧ ឆ្នាំ និង Rahul Balasaheb អាយុ ៤០ ឆ្នាំ កាលពីយប់ថ្ងៃសៅរ៍។ លោក Dadasaheb បានសារភាពចំពោះការចោទប្រកាន់នេះ ប៉ុន្តែឈ្មោះ Balasaheb បានបដិសេធ។
នាយប៉ុស្តិ៍នគរបាលកោះ ផាង៉ន លោកវីរៈសេនីយ៍ Apichart Chansamret បាននិយាយកាលពីថ្ងៃអាទិត្យថា ជនដៃដល់បានអះអាងថា ខ្លួនមិនបានចាប់រំលោភនារីរងគ្រោះទេ បន្ទាប់ពីគាត់បានឱប និងថើបថ្ពាល់នាង ប៉ុន្តែជនរងគ្រោះមិនព្រម។
បុរសទាំងពីរនាក់នេះ ត្រូវបានតុលាការខេត្តកោះសាមុយ ចេញដីកាចាប់ខ្លួនកាលពីថ្ងៃសៅរ៍ ពីបទឃុបឃិតគ្នាក្នុងអំពើរំលោភសេពសន្ថវៈ ដោយបង្ខំជនរងគ្រោះក្នុងស្ថានភាពគ្មានការការពារ។ បទល្មើសនេះត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៤ ទៅ ២០ ឆ្នាំ និងពិន័យជាប្រាក់ពី ៨ ម៉ឺនបាត ទៅ ៤០០ ០០០ បាត៕
ប្រែសម្រួលៈ ណៃ តុលា
