ភ្នំពេញ៖ “សកម្មភាពចង់រារាំង មិនឲ្យចេញច្បាប់ដាក់ ប្រទេសក្នុងភាពអាសន្ន គឺជាចេតនាចង់បំផ្លាញសន្តិភាព និងអាយុជីវិត របស់ប្រជាជនកម្ពុជា “ ។ នេះជាប្រសាសន៍លោក សុខ ឥសាន ក្នុងនាមជាអ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា ក្នុងគ្រុបតេឡេក្រាម នាថ្ងៃ២០ មេសា។
លោកបន្តថា ការធ្វើច្បាប់ដាក់ប្រទេស ក្នុងភាពមានអាសន្ន ដើម្បីទុកការពារអាយុជីវិត ប្រជាជននិងការពារសន្តិភាព ឲ្យខាងតែបានដាច់ខាត តែប៉ុណ្ណោះ គ្មានបំណងអ្វីផ្សេងពីនេះទេ។
ប៉ុន្តែចំណុចនេះ ត្រូវបានវិទ្យុអាស៊ីសេរីផ្សាយថា “បានបើកដៃឲ្យ រដ្ឋាភិបាល អាចកម្រិតសិទ្ធិ សេរីភាព ជាមូលដ្ឋាន របស់ពលរដ្ឋ ព្រមទាំងអាចគ្រប់គ្រង ប្រព័ន្ធផ្សព្វផ្សាយ និងបណ្ដាញ សង្គមបានផងដែរ “។
វិទ្យុអាស៊ីសេរីផ្សាយបន្តថា “មានយុវជនមួយចំនួន ដែលតាមដាន ស្ថានការណ៍សង្គម មានប្រតិកម្មថា ច្បាប់ស្ដីពី ការគ្រប់គ្រងប្រទេស ក្នុងភាពអាសន្ន ធ្វើឡើងដើម្បីពង្រឹងអំណាច សម្តេចតេជោ ហ៊ុន សែន កាន់តែខ្លាំង និងមិនបម្រើ ឲ្យផលប្រយោជន៍ សាធារណៈ នោះទេ”។
សូមបញ្ជាក់ថា ច្បាប់គ្រប់គ្រងប្រទេស ក្នុងភាពអាសន្នបានធ្វើឡើងក្នុងពេលកម្ពុជាកំពុងមានផ្ទុក ជំងឺ កូវីដ -១៩ ។ ច្បាប់នេះ មាន ចំនួន៥ ជំពូក និង១២ មាត្រា ។ កាលពីចុងសប្តាហ៍មុនព្រឹកសភា បានអនុម័តច្បាប់ ដាក់ប្រទេសក្នុងភាពអាសន្ន ក្រោយរដ្ឋសភាបញ្ជូនមក ៕