ព័ត៌មានជាតិ

លោក ស៊ុន ចាន់ថុល ទស្សនកិច្ចការងារទៅកាន់ក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានខេត្តហ៊ឺណាន និងទីស្នាក់ការក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា ប្រចាំក្រុងចឹងចូវ

ភ្នំពេញ ៖ នៅថ្ងៃចន្ទ ទី១៧ ខែមីនា ឆ្នាំ២០២៥ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អមដំណើរដោយ លោកស្រី សឿង រដ្ឋចាវី ឯកអគ្គរាជទូតកម្ពុជា ប្រចាំចិន បានដឹកនាំគណៈប្រតិភូនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា, និងសមាគមឧកញ៉ាកម្ពុជា ធ្វើទស្សនកិច្ចការងារ ទៅកាន់ក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានខេត្តហឺណាន(Henan Airport Investment Group) និងទីស្នាក់ការក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា (Air Cambodia) ប្រចាំក្រុងចឹងចូវ ក្នុងគោលបំណងសិក្សាស្វែងយល់អំពីការប្រព្រឹត្តទៅនៃសហគ្រាស និងជំរុញការវិនិយោគបន្ថែមទៀតនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។

តាមរយៈជំនួបនេះ គណៈប្រតិភូកម្ពុជាក៏បានបង្ហាញអំពីបរិយាកាសវិនិយោគ ការគាំទ្រវិស័យឯកជនពីសំណាក់រាជរដ្ឋាភិបាល និងសក្តានុពលទេសចរណ៍របស់កម្ពុជា ទៅកាន់ភាគីចិនផងដែរ។

មានមតិស្វាគមន៍ លោក Yi Riwu អគ្គនាយកក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានខេត្តហ៊ឺណាន ក៏បានធ្វើការពិព័ណ៌នាអំពីសាវតាររបស់ក្រុមហ៊ុន ក៏ដូចជាវឌ្ឍនភាពថ្មីៗនៃប្រតិបត្តិការរបស់ខ្លួនដែលបានធ្វើពិពិធកម្មប្រកបដោយភាពជាក់ស្តែងនិយម ស្របតាមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (Belt and Road Initiative) និងគំនិតផ្តួចផ្តើមផ្លូវសូត្រអាកាស (Air Silk Road Initiative)។ ជាក់ស្តែង កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនក៏បានធ្វើការបោះជំហានវិនិយោគនៅកម្ពុជាតាមរយៈការបណ្តាក់ទុនវិនិយោគក្រោមរូបភាពជាភាគហ៊ុនិកជាមួយក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា (Air Cambodia)។

ជាការឆ្លើយតប លោកឧបនាយករដ្ឋមន្ត្រី ក៏បានសម្តែងនូវការវាយតម្លៃខ្ពស់ជូនចំពោះភាពរីកលូតលាស់ឥតឈប់ឈររបស់ក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានខេត្តហឺណាននិយាយជារួម និងក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជានិយាយដោយឡែក ដែលបានជះផលវិជ្ជមានមកលើការអភិវឌ្ឍសហគមន៍វាសនារួមកម្ពុជា-ចិន។

ស្របគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តភាគីមិត្តក្នុងការពិនិត្យលទ្ធភាពពង្រីកគោលដៅហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជាដើម្បីលើកកម្ពស់ការតភ្ជាប់រវាងប្រជាជន និងប្រជាជន (People to People – P2P) ជាពិសេសការតភ្ជាប់រវាងធុរជន និងធុរជន (Business to Business – B2B) និងដើម្បីសម្រេចគោលដៅការទាក់ទាញភ្ញៀវទេសចរពីខេត្តហ៊ឺណាន មកទស្សនាកម្ពុជាឱ្យបាន១លាននាក់ ក្នុងឆ្នាំ២០២៥នេះ។

បន្ថែមពីនេះ លោកឧបនាយករដ្ឋមន្ត្រីបានអញ្ជើញលោកអគ្គនាយកក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានខេត្តហឺណាន និងសហការីពិនិត្យលទ្ធភាព និងឱកាសក្នុងការមកទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីពង្រឹង និងពង្រីកមុខសញ្ញាវិនិយោគរបស់ខ្លួនបន្ថែមទៀតតាមរយៈការឆក់យកឱកាសវិនិយោគលើវិស័យដែលមានសក្តានុពល និងស្របតាមឯកទេសរបស់ក្រុមហ៊ុន។

សូមជម្រាបជូនថា ក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានខេត្តហ៊ឺណាន គឺជាសហគ្រាសរដ្ឋដែលមានឯកទេសលើមុខសញ្ញាវិនិយោគពាក់ព័ន្ធនឹងការអភិវឌ្ឍនគរូបនីយកម្ម, ការវិនិយោគលើនគរូបនីយកម្ម, បច្ចេកវិទ្យា, ប្រតិបត្តិការ, សួនបច្ចេកវិទ្យា, និងឧស្សាហកម្មផ្នែកបច្ចេកវិទ្យា៕

To Top