ព័ត៌មានអន្តរជាតិ

រុស្ស៊ី រក្សាទណ្ឌកម្មលើរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Rubio

ម៉ូស្គូ៖ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី បានច្រានចោលរបាយការណ៍ ដែលអះអាងថា រុស្ស៊ី បានដកទណ្ឌកម្ម លើរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio ដោយបានច្រានចោលការអះអាងនេះថា ជា “ព័ត៌មានមិនពិត” និងនៅតែរក្សាទណ្ឌកម្មលើអ្នកការទូតរូបនេះដដែល នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បានឲ្យដឹងថា “ការដាក់ទណ្ឌកម្មប្រឆាំងនឹងរដ្ឋមន្រ្តីការបរទេសអាមេរិករូបនេះ មិនទាន់ត្រូវបានដកចេញនៅឡើយទេ។ របាយការណ៍ទាំងនេះ គឺជាព័ត៌មានក្លែងក្លាយសុទ្ធសាធ” ដោយបន្ថែមថា ការរឹតបន្តឹងនៅតែមាន។

របាយការណ៍មុននេះបានឲ្យដឹងថា រុស្ស៊ី បានលុបចោលទណ្ឌកម្ម បន្ទាប់ពីមានការសន្ទនារវាង លោក Rubio និងរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov។ គួរបញ្ជាក់ថា លោក Rubio ត្រូវបានដាក់ក្នុងបញ្ជីទណ្ឌកម្មរបស់រុស្សី ដែលផ្តោតលើបុគ្គលអាមេរិកក្នុងខែឧសភា ឆ្នាំ២០២២ ជាមួយនឹងវិធានការរួមទាំងការហាមឃាត់ការចូលប្រទេសរុស្ស៊ីផងដែរ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top