ភ្នំពេញ ៖ ក្រសួងបរិស្ថាន ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ អង្គការសត្វព្រៃ និងរុក្ខជាតិ និង រដ្ឋបាលថ្នាក់ក្រោមជាតិ បានរួមគ្នាស្តារវត្តមាន ក្រពើភ្នំពូជសុទ្ធឡើងវិញ នៅតំបន់ឧទ្យានជាតិវីរៈជ័យ តាមរយៈការលែងក្រពើ ភ្នំពូជសុទ្ធចំនួន១០ក្បាល ជាលើកដំបូងកាលពីពេលថ្មីៗនេះ ។

យោងតាមសេចក្តីប្រកាសព័ត៌មានរួម នាថ្ងៃ១៨ មីនា បានឲ្យដឹងថា ក្រពើភ្នំពូជសុទ្ធចំនួន១០ក្បាល ដែលបានលែងនេះជាលើកដំបូង ទៅក្នុងតំបន់ ដាច់ស្រយាលឆ្ងាយ ពីមនុស្ស ក្នុងឧទ្យានជាតិវីរៈជ័យនៃ កម្ពុជា បន្ទាប់ពីប្រភេទនេះ បានបាត់វត្តមានពីឧទ្យានជាតិនេះ ក្នុងរយៈពេលជាង២០ឆ្នាំកន្លងមក ។ ចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៣ ភាគីពាក់ព័ន្ធ បានសិក្សាវាយតម្លៃអំពីប្រភេទ ទីជម្រកសមស្រប ហើយបានរកឃើញតំបន់ ដាច់ស្រយាលជាមួយនឹង លក្ខខណ្ឌជម្រកដ៏ល្អបំផុតសម្រាប់ប្រភេទក្រពើភ្នំនៅឧទ្យានជាតិវីរៈជ័យ ។ ជាមួយនឹងការលែងនេះ ក៏បានប្រើបច្ចេកវិទ្យាចុងក្រោយ ដោយប្រើឧបករណ៍កត់ត្រាសំឡេង ដើម្បីតាមដានការបំផ្លាស់ទី និងការរស់រានមានជីវិត របស់សត្វក្រពើភ្នំ ដែលជាការផ្តល់ទិន្នន័យ ដ៏មានសារសំខាន់ ក្នុងការងារអភិរក្ស និងស្តារវត្តមានក្រពើភ្នំប្រភេទ ។
លោក Pablo Sinovas នាយកប្រចាំប្រទេសនៃអង្គការសត្វព្រៃ និងរុក្ខជាតិ លើកឡើងថា ក្នុងរយៈពេល ២៥ឆ្នាំកន្លងមកនេះ អង្គការសត្វព្រៃ រួមទាំងសហគមន៍មូលដ្ឋានផងដែរ បាននិងកំពុងប្រឹងប្រែងធ្វើយ៉ាងណាការពារ និងអភិរក្សក្នុងការស្តារប្រភេទនេះ កុំឲ្យផុតពូជពីក្នុងធម្មជាតិ ជាមួយនឹងលទ្ធផលវិជ្ជមាន និងសន្ទុះ នៃការអភិរក្សនិងកិច្ចសហការ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ។
លោកបន្តថា ជាទូទៅ ក្រពើភ្នំត្រូវការ ពេលជាង១០ឆ្នាំ ទម្រាំធំពេញវ័យ ហើយក្រពើភ្នំដែលបានលែងជាលើកដំបូង ដោយកម្មវិធីបង្កាត់ ពូជក្រពើភ្នំសុទ្ធ បាននិងកំពុងចាប់ផ្តើមបង្កាត់ពូជពងកូន ដោយខ្លួនឯងនៅក្នុងធម្មជាតិ ដែលជួយជម្រុញឲ្យមានការកើនឡើងនូវចំនួនប្រភេទនេះនៅក្នុងធម្មជាតិ។

លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម មានប្រសាសន៍ថា ចាប់តាំងពីឆ្នាំ២០១១ រហូតមកដល់បច្ចុប្បន្ន ក្រសួងបានសហការព្រលែង សត្វក្រពើភ្នំពូជសុទ្ធចំនួន១២លើក ទៅក្នុងព្រៃធម្មជាតិ នៃតំបន់ជួរភ្នំក្រវាញ ។ ក្រសួងបន្តលើកទឹកចិត្ត និងត្រៀមខ្លួនជានិច្ចក្នុងការ សហការជាមួយអង្គការ អង្គការសត្វព្រៃ ដើម្បីទទួលបានសមិទ្ធផលថ្មីៗបន្ថែមទៀត ក្នុងការងារអភិរក្សធនធានធម្មជាតិ នៅកម្ពុជាឲ្យបានគង់វង្ស ។
ចំណែកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានវិញ បានឲ្យដឹងដែរថា ក្រពើភ្នំជាប្រភេទដ៏កម្របំផុតនៅលើពិភពលោក ប៉ុន្តែសង្កេតឃើញប្រភេទនេះ មានវត្តមានច្រើន ជាងគេនៅកម្ពុជា តាមរយៈកិច្ចប្រឹងប្រែងរបស់ទាំងអស់គ្នា។

សូមបញ្ជាក់ថា រហូតមកដល់បច្ចុប្បន្ន ក្រពើភ្នំពូជសុទ្ធជិត២០០ក្បាល ត្រូវបានលែងចូលទៅក្នុងទីជម្រកធម្មជាតិដាច់ស្រយាលពីមនុស្សរស់នៅ និងមានសុវត្ថិភាពនៅតំបន់ ជួរភ្នំក្រវាញ ភាគនិរតីនៃកម្ពុជា និងមានសំបុកពងកូនក្រពើភ្នំ ចំនួន៦០ក្បាល ត្រូវបានរកឃើញក្នុងតំបន់ជួរ ភ្នំក្រវាញនេះផងដែរ ។ ដោយឡែក តាមរយៈប្រវត្តិ នៃឧទ្យានជាតិវីរៈជ័យ ដែលធ្លាប់មានវត្តមានក្រពើភ្នំធម្មជាតិ រស់នៅតាំងពីយូរយារណាស់មកហើយ ដូច្នេះកិច្ចខិតខំប្រឹងប្រែង ដើម្បីស្តារវត្តមានប្រភេទនេះ នៅក្នុងតំបន់នេះ អាចនឹងទទួលបានជោគជ័យ ៕
