ព័ត៌មានជាតិ

ក្រសួងទេសចរណ៍ ចុះMoU ជាមួយធនាគារវីង សម្រាប់ប្រតិបត្តិការ ទទួលកម្រៃសេវា ពីសេវាសាធារណៈ តាមប្រព័ន្ធទូទាត់អេទ្បិចត្រូនិច

ភ្នំពេញ ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ប្រធានក្រុមប្រឹក្សាភិបាលធនាគារ វីង (ខេមបូឌា) និងជានាយកប្រតិបត្តិនៃសម្ព័ន្ធ Royal Group​ កាលពីល្ងាចថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នា(MoU) រវាងក្រសួងទេសចរណ៍ និងធនាគារ វីង (ខេមបូឌា) ស្តីពីការប្រើប្រាស់សេវាកម្មរបស់ធនាគារ វីង (ខេមបូឌា) ម.ក សម្រាប់ប្រតិបត្តិការ ទទួលកម្រៃសេវា ពីសេវាសាធារណៈ តាមប្រព័ន្ធទូទាត់អេទ្បិចត្រូនិច ។

ពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នានេះ ត្រូវបានចុះហត្ថលេខី ដោយលោក សុង តុងហាប់ រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងលោក Dmytro Kolechko នាយកប្រតិបត្តិធនាគារ វីង (ខេមបូឌា)។ ក្នុងនោះ អនុស្សរណៈនៃការយោគយល់នេះ ផ្តោតសំខាន់ទៅលើចលករនៅក្នុងការជំរុញ​ ការផ្តល់សេវាសាធារណៈ កាន់តែមានប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព តម្លាភាព ភាពទាន់ពេលវលា និងកាន់តែខិតជិតប្រជាពលរដ្ឋ ដើម្បីឆ្លើយតប ទៅនឹងបំណងប្រាថ្នា និងតម្រូវកាន់តែខ្ពស់ របស់ប្រជាជន នាពេលបច្ចុប្បន្ន៕

To Top